Friday, September 20, 2024
Homeព័ត៌មានជាតិជួញដូរមនុស្ស រក្សាអាវុធខុសច្បាប់ ចាប់បាន១១នាក់ បញ្ជូនទៅតុលាការ

ជួញដូរមនុស្ស រក្សាអាវុធខុសច្បាប់ ចាប់បាន១១នាក់ បញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ ៖ ប្រតិបត្តិការស្រាវជ្រាវករណីជួញដូរមនុស្ស រហូតឈានដល់ការបង្ក្រាបករណីរក្សាទុកអាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ ក្នុងនោះមានជនសង្ស័យខ្មែរ-ចិន ចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ថា ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេច ស ខេង ថាមានករណីបង្ខាំងមនុស្សដោយខុសច្បាប់។

ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរកជនរងគ្រោះ ១នាក់ ជាស្ត្រីជនជនជាតិម៉ាឡេស៊ី។

ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង ចំនួន២កន្លែង កម្លាំងសមត្ថកិច្ច បានស្វែងរកឃើញស្ត្រីជនជនជាតិម៉ាឡេស៊ី ដែលជាជនរងគ្រោះ នៅក្នុងក្រុមហ៊ុន ដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ទើបនាំមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រតិបត្តិការឆែកឆេរក្រុមហ៊ុនទាំង២នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន ៥នាក់ (ប្រុសទាំងអស់) ក្នុងនោះ ២នាក់ ឃាត់ខ្លួននៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ចំណែក ៣នាក់ទៀត ឃាត់ខ្លួនបាននៅក្នុងក្រុមហ៊ុនមួយកន្លែងទៀត ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជាកន្លែងសមត្ថកិច្ចរំដោះបានជនរងគ្រោះ។

បន្ទាប់មក នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងក្រុមហ៊ុន ជីងឆាយទី១ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដែលជាកន្លែងដែលក្រុមជនសង្ស័យចាប់ជនរងគ្រោះយកទៅបង្ខាំងទុក ប្រើហិង្សា គំរាមកំហែងយកលុយនិងទូរស័ព្ទ។ ប៉ុន្តែនៅពេលដែលកម្លាំងសមត្ថកិច្ចទៅដល់ ជនសង្ស័យបានដឹងខ្លួនមុន ព្រោះអ្នកគ្រប់គ្រងអគារបានផ្តល់ដំណឹងឱ្យក្រុមជនសង្ស័យ និងបានរៀបចំផ្លូវក្រោយ ងាយជនសង្ស័យរត់គេចខ្លួនបាត់អស់ ទើបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនអ្នកគ្រប់គ្រងអគារ ១នាក់ យកមកធ្វើការសាកសួរ។

កម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ទើបចាប់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ បន្ថែមទៀត។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុប បានចំនួន ៩នាក់ ក្នុងករណីបង្ខាំងមនុស្សដោយខុសច្បាប់ កំហែងយក និងលក់ដូរមនុស្សដោយមានគោលដៅ។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ច ដកហូតបានអាវុធខ្លី ១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ ពីជនសង្ស័យ ១នាក់ ជនជាតិចិន ភេទប្រុស ទើបបន្តស្រាវជ្រាវពីប្រភពអាវុធខ្លីនោះ។ រហូតដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ ចំនួន២នាក់ (សរុប ៣នាក់ ខ្មែរ១ និងចិន១) បន្ថែមទៀត ក្នុងករណីនាំចូលនិងសន្និធិអាវុធដោយខុសច្បាប់ និងដកហូតបានវត្ថុតាង អាវុធ ចំនួន៦ដើម (វែង៣ និងខ្លី៣) ព្រមទាំងដកហូតបានគ្រាប់កាំភ្លើង និងសម្ភារៈកែច្នៃ មួយចំនួន។

ដោយឡែក ជនរងគ្រោះជាស្ត្រីជនជាតិម៉ាឡេស៊ី អាយុ២៧ឆ្នាំ បានបាត់បង់លុយ ចំនួន ៩៧០០ដុល្លារ  និងទូរស័ព្ទដៃ ចំនួន២គ្រឿង។ ចំណែកជនសង្ស័យ សរុបមានចំនួន ១១នាក់ (ជនជាតិចិន ១០នាក់ និងជនជាតិខ្មែរ ១នាក់)  រួមមាន ៖ ទី១-ឈ្មោះ YU CHONGCHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ (ជនសមគំនិតលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី២-ឈ្មោះ YU XUNCAI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរថៅកែក្រុមហ៊ុន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារីលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី៣-ឈ្មោះ LIN BAOWEN ហៅ A BAO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារីបង្ខាំងមនុស្សដោយខុសច្បាប់ កំហែងយក និងលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី៤-ឈ្មោះ LIN YOUGUO ហៅ A DAN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារីលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី៥-ឈ្មោះ LIU YUANHUANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកហាងម៉ាស្សា ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (ជាសហចារីលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី៦-ឈ្មោះ SHI RUI ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ផ្នែកធនធានមនុស្ស ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (ជនសមគំនិតលក់-ដូរមនុស្សដោយមានគោលដៅ និងជាសហចារីនាំចូល និងសន្និធិអាវុធដោយខុសច្បាប់)។ ទី៧-ឈ្មោះ JI XIANBO ហៅ DA PAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងអគារ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (ជនសមគំនិតលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី៨-ឈ្មោះ FU ZHIKANG ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងអគារជីងឆាយ១ ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិតបង្ខាំងមនុស្សដោយខុសច្បាប់ កំហែងយក និងលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី៩-ឈ្មោះ HAN JINRUI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ (ជនសមគំនិតលក់-ដូរមនុស្សដោយមានគោលដៅ)។ ទី១០-ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EH6362750 (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ (សហចារីនាំចូលនិងសន្និធិអាវុធដោយខុសច្បាប់) និងទី១១-ឈ្មោះសាន សុខឡេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្ត និងការពារថៅកែចិន ស្នាក់នៅរាជធានីភ្នំពេញ (សហចារីនាំចូលនិងសន្និធិអាវុធដោយខុសច្បាប់)។

ចំពោះវត្ថុតាងដកហូតបាន សរុបមាន ៖ រថយន្ត ចំនួន៦គ្រឿង។ ទូរស័ព្ទ ចំនួន១៧គ្រឿង។ ខ្នោះដៃ ចំនួន២គូ មានកូនសោ ២គូ។  អាវុធវែង ៣ដើម (ម៉ាក PPSH 41 គ្មានលេខសម្គាល់ មានបង់ត្រឡោក១ ម៉ាក KARATAY (កាលីតឌូ) ពណ៌ទឹកប្រាក់ មានលេខ 19254927 និងម៉ាក EKOL ពណ៌ខ្មៅ មានលេខ 2100760 មានបង់២)។ បង់អាវុធវែង AK ចំនួន១។ អាវុធខ្លី ៤ដើម (ម៉ាក ZORAKI ពណ៌ខ្មៅ មានលេខ 2101155 បង់១ ម៉ាក ZORAKI ពណ៌ខ្មៅ មានលេខ 2101156 បង់១ ម៉ាក ZORAKI ពណ៌ស មានលេខ 000204 បង់១ និងម៉ាក SIG SAURER ពណ៌ខ្មៅ មានលេខ 239120 បង់២)។ គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម២៦៥គ្រាប់)។ ឧបករណ៍ដុសលាងអាវុធ ២ប្រអប់។ ឧបករណ៍ដាប់លេខអាវុធ ១ប្រអប់។ ស្លាកលេខរថយន្ត ១គូ (ភ្នំពេញ 2AR-7844)។ ស្រោមអាវុធខ្លីចំនួន២ រួមនិងសម្ភារ:ផ្សេងៗមួយចំនួន។

ជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត  ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES