Friday, September 20, 2024
Homeព័ត៌មានជាតិប្តីឈឺធ្ងន់ ប្រពន្ធដឹកចេញពីពេទ្យ ចូលដេកផ្ទះសំណាក់ ដាច់ខ្យល់ស្លាប់

ប្តីឈឺធ្ងន់ ប្រពន្ធដឹកចេញពីពេទ្យ ចូលដេកផ្ទះសំណាក់ ដាច់ខ្យល់ស្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ប្តីរបស់ខ្លួន បានកើតមានជំងឺប្រចាំកាយ មានសភាពធ្ងន់ ក៏ដឹកឡើងមកភ្នំពេញ ចូលព្យាបាលក្នុងមន្ទីរពេទ្យ អស់រយៈពេល១ខែមកហើយ ប៉ុន្តែអាការមិនបានធូរស្រាល ក៏ដាច់ចិត្តសុំចេញពីមន្ទីរពេទ្យវិញ និងជួលផ្ទះសំណាក់ស្នាក់នៅសិន មុននឹងត្រឡប់មកស្រុកកំណើតវិញ ស្រាប់តែអកុសលបន្ទាប់ពីស្នាក់នៅផ្ទះសំណាក់ បាន២យប់ បុរសជាប្តី ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាប្រមាណម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខ៤ ផ្ទះសំណាក់តារ៉ារស្មីទួលសង្កែ ផ្លូវលេខ 93R ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

បុរសរងគ្រោះខាងលើ មានឈ្មោះប៊ិន ធឿន អាយុ៦១ឆ្នាំ មុខរបរកម្មករចល័ត មានលំនៅ ភូមិអង្គ ឃុំអង្គ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបមកស្នាក់នៅបន្ទប់ផ្ទះសំណាក់ខាងលើ បាន ២យប់ប៉ុណ្ណោះ។

តាមសម្តីស្ត្រីឈ្មោះភី ស្រីល័ក្ខ អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់និងប្តី បានស្រឡាញ់និងរស់នៅជាមួយគ្នា អស់រយៈពេលប្រមាណជាង១០ឆ្នាំមកហើយ។ ដោយសារប្តីមានជំងឺរបេង ប្រចាំកាយ រយៈពេលប្រមាណ ១ខែកន្លងមកហើយនេះ គាត់ក៏បានធ្វើដំណើរពីស្រុក នាំប្តីមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែមិនជា លុះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក៏បានសុំពេទ្យចេញ រួចនាំប្តីមកជួលបន្ទប់នៅផ្ទះសំណាក់ខាងលើ ដើម្បីស្នាក់បណ្តោះអាសន្ន មុននឹងត្រឡប់ទៅស្រុកកំណើតវិញ។

ប្រភពដដែល បន្តថា លុះមកដល់យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីហូបបាយរួច ក៏បាននាំគ្នាដេកទៅ រហូតដល់វេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ គាត់ក៏បានងើបស្ទាបប្តី ស្រាប់តែប្តីស្លាប់រឹងទៅហើយ រួចក៏បានរាយការណ៍ប្រាប់ម្ចាស់ផ្ទះសំណាក់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា បុរសរងគ្រោះ បានស្លាប់ដោយសារតែគាំងបេះដូង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដឹកត្រឡប់ទៅស្រុកកំណើត ឯខេត្តស្វាយរៀង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES