Friday, September 20, 2024
Homeព័ត៌មានជាតិលីដាវចូលវត្ត កាប់ព្រះបដិមា ប៉ូលិសចុះចាប់ កាប់ដាច់ដៃ

លីដាវចូលវត្ត កាប់ព្រះបដិមា ប៉ូលិសចុះចាប់ កាប់ដាច់ដៃ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា ជាមនុស្សប្រើប្រាស់ថ្នាំញៀន ជាប្រចាំ រហូតដល់បែកថ្នាំ គ្រប់គ្រងសតិស្មារតីលែងបាន ចុងក្រោយបានលីដាវច្នៃ ១ដើម ចូលទៅសកម្មភាពអុកឡុកពេញវត្ត ដោយកាប់បំផ្លាញព្រះពុទ្ធបដិមាក្នុងវត្ត ខូចខាតអស់មួយចំនួន លុះសមត្ថកិច្ចចុះទៅអន្តរាគមន៍ ក៏កាប់ទាំងសមត្ថកិច្ច បណ្តាលឱ្យរងរបួសថែមទៀត ទីបំផុត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងវត្តពង្រ ភូមិភក់ ឃុំមហាសាំងស្រុកភ្នំស្រួច។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច។

 ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសែម សារ៉ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ និងមានលំនៅ ភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច។ ចំណែកជនរងគ្រោះ មានឈ្មោះឃួន ចេង មុខរបរជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិអនុសេនីយ៍ទោ ឋានៈនាយរងផ្នែក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលីដាវច្នៃ ១ដើម ចូលទៅបង្កការអុកឡុកនិងកាប់បំផ្លិចបំផ្លាញព្រះពុទ្ធបដិមា នៅក្នុងវត្តពង្រ ស្ថិតក្នុងភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោពេញវត្ត និងត្រូវបានព្រះសង្ឃរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ  សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ តែពេលនោះជនសង្ស័យបានកាប់ប្រហារត្រូវដៃខាងឆ្វេងលោកអនុសេនីយ៍ទោ ឃួន ចេង ឋានៈនាយរងផ្នែក បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងថែមទាំងបានគំរាមកាប់សមត្ថកិច្ចណាដែលហ៊ានចូលជិតរូបគេទៀតផង។ បន្ទាប់មក ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ ។

រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលស្រុកភ្នំស្រួច បានចុះឃាត់ខ្លួនជនសង្ស័យ ដល់ផ្ទះ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច រួចក៏នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES