Friday, September 20, 2024
Homeព័ត៌មានជាតិចាប់បានម្នាក់ និងគ្រឿងញៀន១០០គីឡូ នៅដើមឈើចាំស្នេហ៍

ចាប់បានម្នាក់ និងគ្រឿងញៀន១០០គីឡូ នៅដើមឈើចាំស្នេហ៍

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន បានបើក ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ១ករណី ដោយឈានដល់ការឃាត់ ខ្លួនជន សង្ស័យជាឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិន ម្នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ប្រមាណជាង១០០គីឡូក្រាម។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣២នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់។

ជនសង្ស័យជាឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ TU SUERONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ចំណែកវត្ថុតាងដែលចាប់យកបាន រួមមាន កេតាមីន (KETAMINE) ១០០ដុំ ស្មើទម្ងន់១០០គីឡូ និង៨០ក្រាម។ រថយន្តទំនើប ១គ្រឿងម៉ាក Ford Raptor ពណ៌ស និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ (ក៩) និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីលោកទី សុវិនថាល លោកជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងលោកហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឈានដល់ការបង្ក្រាបនៅចំណុចខាងលើតែម្តង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES