Friday, September 20, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ៧ខែ ម៉ែឃើញនៅជាមួយ

បាត់កូនក្រមុំ៧ខែ ម៉ែឃើញនៅជាមួយ

ខេត្តសៀមរាប ៖ យុវតីម្នាក់ ត្រូវម្តាយអះអាងថា ជាសិស្សពូកែ ទើបនឹងប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និងថែមទាំងប្រឡងជាប់អាហារូបករណ៍សាកលវិទ្យាល័យបញ្ញាសាស្ត្រ រយៈពេល៤ឆ្នាំទៀតផង ស្រាប់តែនៅសុខៗ ជិតដល់ថ្ងៃចូលរៀនថ្នាក់អាហារូបករណ៍ទៅហើយ បែរជាបាត់ខ្លួនសូន្យឈឹង ដោយមិនផ្តល់ដំណឹងដល់ក្រុមគ្រួសារបន្តិចណាសោះ ធ្វើឱ្យគាត់ជាម្តាយ ប្រឹងតាមស្វែងរកកូនស្រី អស់រយៈពេល៧ខែ ទីបំផុតប្រទះឃើញកូនក្រមុំ កំពុងអង្គុយស្តាប់ធម៌ នៅចម្ការលោកខឹម វាសនា ទៅវិញ ធ្វើឱ្យគាត់ជាម្តាយ ស្ទើរបែកដើមទ្រូងស្លាប់ ព្រោះមិននឹកស្មានថា កូនស្រីបោះបង់ចោលការសិក្សា ទៅនៅជាមួយលោកខឹម វាសនា បែបនេះសោះ។

អ្នកស្រី គង់ ចាន់ថូ ត្រូវជាម្តាយរបស់យុវតីខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ទើបនឹងមានវ័យ ១៨ឆ្នាំ ធ្លាប់ជាក្មេងល្អ ស្តាប់បង្គាប់ឪពុកម្តាយ មិនធ្លាប់ធ្វើឱ្យក្រុមគ្រួសារពិបាកចិត្តនោះឡើយ ហើយថែមទាំងជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុប បាននិទ្ទេស B និងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃ រហូតដល់ទៅ៤ឆ្នាំទៀតផង។

អ្នកស្រី គង់ ចាន់ថូ បានបន្តថា ក្រោយពីកូនស្រីបានប្រឡងជាប់ គាត់ជាម្តាយ បានឡើងទៅ ជួលបន្ទប់ រៀបចំសម្រាប់ឱ្យកូនស្រីស្នាក់នៅសិក្សារៀនសូត្រ បែរជាជិតដល់ថ្ងៃចូលរៀនទៅហើយ កូនស្រីរបស់គាត់ស្រាប់តែបាត់ដំណឹងសូន្យឈឹងតែម្តង។ ភ្លាមៗនោះ គាត់និងគ្រួសារ មានការតក់ស្លុតជាខ្លាំង និងព្យាយាមស្វែងរកកូនស្រីជាទីស្រឡាញ់របស់ខ្លួនដែរ តែរកមិនឃើញសោះ ទើបធ្វើឱ្យកាន់តែមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ខ្លាចកូនជួបគ្រោះថ្នាក់ ខ្លាចមនុស្សមិនល្អបោកបញ្ឆោត នាំយកទៅធ្វើបាប។ ហើយតាំងពីថ្ងៃបាត់ខ្លួនមក កូនស្រីរូបនេះ មិនដែលផ្តល់ដំណឹង ឬទាក់ទងមកអ្នកផ្ទះ ប្រាប់ពីសុខទុក្ខ និងទីតាំងដែលនាងស្នាក់នៅនោះទេ ពោលគឺពួកគាត់ជាក្រុមគ្រួសារ មិនដឹងថាកូនស្រី ស្លាប់ឬរស់នោះឡើយ។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា បន្ទាប់ពីស្វះស្វែងរកកូនស្រី អស់រយៈពេល ៧ខែ នៅតែគ្មានដំណឹងបែបនេះ ស្រាប់តែថ្ងៃមួយ ស្របពេលដែលកំពុងមានការភ្ញាក់ផ្អើលរឿងទឹកជន់លិចពិភពលោក និងមានមនុស្សម្នាផ្អើលភ្លូកទឹកភ្លូកដី ស្កាត់ទៅជ្រកកោនក្នុងចម្ការលោកខឹម វាសនា ឯខេត្តសៀមរាប នោះ ស្រាប់តែគាត់បានប្រទះឃើញរូបកូនស្រីរបស់គាត់ ដោយចៃដន្យ នៅក្នុងវីដេអូរបស់លោកខឹម វាសនា ដោយកំពុងអង្គុយស្តាប់ការនិយាយរបស់លោកខឹម វាសនា ទើបគាត់ដឹងថា កូនស្រីរបស់គាត់នៅមានជីវិត ហើយការដែលកូនស្រីចេញបាត់ពីផ្ទះ៧ខែនេះ គឺលួចមករកលោកខឹម វាសនា សោះ។ ក្រោយឃើញរូបភាពនៅក្នុងវីដេអូ គាត់ជាម្តាយ ក៏ផ្តិតយករូបភាព និងកាន់រូបថត ស្កាត់ទៅរកកូននៅក្នុងចម្ការរបស់លោកខឹម វាសនា ដែរ តែមិនទាន់បានជួបកូននៅឡើយទេ។ អ្នកស្រី បានអង្គុយរង់ចាំកូននៅលើផ្លូវចូលទៅចម្ការរបស់លោកខឹម វាសនា អស់រយៈពេលជាង ១០ថ្ងៃមកហើយ។

អ្នកស្រី ចាន់ថូ បានថ្លែងថា “កូនខ្ញុំបាត់មកពីរថ្ងៃទៀត ៧ខែហើយ តាមរកឡើងអស់ចិត្ត អត់មានដំណឹងសោះ ទាល់តែឃើញក្នុងការឡាយនេះ (វីដេអូផ្សាយផ្ទាល់របស់លោកខឹម វាសនា) បានដឹងថា កូនខ្ញុំនៅក្នុងចម្ការ គាត់អត់មានផ្តល់ដំណឹងឱ្យខ្ញុំទេ ខ្ញុំបានឃើញនេះ គឺឃើញក្នុងការឡាយទេ គាត់អត់មានតេឬឆាតអីប្រាប់ម្តាយ ថានៅទីណាឡើយ…”។

ស្ត្រីជាម្តាយ ឱបរូបថតកូនស្រី ក្រោមកម្តៅថ្ងៃ ទន្ទឹងចាំផ្លូវកូនស្រី ដោយសង្ស័យថា មូលហេតុដែលនាំឱ្យកូនស្រីលង់ជឿការសាបព្រោះរបស់លោកខឹម វាសនា រហូតទៅស្នាក់នៅចម្ការបោះបង់ការសិក្សានេះ បណ្តាលមកពីការអូសទាញរបស់គ្រូម្នាក់ ឈ្មោះអ៊ួ អុល ដែលធ្លាប់រៀនជាមួយ ហើយជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោកខឹម វាសនា ហើយមិត្តភក្តិកូនរបស់អ្នកស្រីម្នាក់ទៀត ក៏ត្រូវបានអូសទាញឱ្យទៅនៅក្នុងចម្ការរបស់លោក ខឹម វាសនា ផងដែរ។

អ្នកស្រី ចាន់ថូ បានបង្ហាញអារម្មណ៍នឹករលឹកកូនស្រី និងដេកទន្ទឹងផ្លូវកូនស្រី។ អ្នកស្រី បានបង្ហាញអារម្មណ៍នឹកកូនស្រីយ៉ាងដូច្នេះ “អារម្មណ៍ម្តាយ មួយថ្ងៃៗដេកទន្ទឹងរង់ចាំតែផ្លូវកូន ឱ្យបានត្រឡប់ទៅផ្ទះវិញ។ មកនេះ មិនមែនតិចតួច ដីជាង១០០គីឡូម៉ែត្រ ជិះមករាល់ថ្ងៃ”។

អ្នកស្រី ក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលកូនត្រូវគេអូសទាញឱ្យបោះបង់ការសិក្សា។ អ្នកស្រី ថ្លែងថា “មានអារម្មណ៍ថាសោកស្តាយដែលកូនខ្ញុំជានិស្សិត ដែលត្រូវទៅរៀនហើយ គាត់អូសទាញឱ្យមកនៅកណ្តាលព្រៃ កណ្តោចកណ្តែងអ៊ីចឹង។ ខ្ញុំមានការសោកស្តាយខ្លាំងបំផុត បាត់បង់អនាគតកូនដែលខំប្រឹង ១២ឆ្នាំ រៀនបាននិទ្ទេសល្អហើយ បែរអូសទាញបំផុសបំផុល។ ខ្ញុំមានការសោកស្តាយចំពោះគាត់ណាស់”។

មិនមែនមានតែកូនស្រីរបស់អ្នកស្រី គង់ ចាន់ថូ នោះទេ ដែលត្រូវបានអូសទាញទៅរស់នៅក្នុងចម្ការរបស់លោកខឹម វាសនា មានយុវជន យុវតីខ្មែរ មិនតិចនោះទេ ត្រូវបានអូសទាញបោះបង់គ្រួសារ បោះបង់ការសិក្សា និងបោះបង់ការងារជាដើម។ ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតរបស់យុវជន យុវតីខ្មែរ ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

អ្នកស្រី ចាន់ថូ បានអំពាវនាវរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ ជួយទប់ស្កាត់ការសាបព្រោះ និងការអូសទាញនេះ។ អ្នកស្រី ចាន់ថូ បានអំពាវនាវដូច្នេះថា “សូមរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ដល់រូបខ្ញុំជាម៉ែ និងម៉ែដទៃទៀត ដែលបែកបាក់គ្រួសារ ដោយសារការបំផុសបំផុល។ មានគ្រូ មានបក្ខពួកគាត់ជាអ្នកអូសទាញ។ មានតែម្រាមដៃ១០ សូមឱ្យរាជរដ្ឋាភិបាល ជួយរកយុត្តិធម៌ឱ្យក្រុមគ្រួសារខ្ញុំ ក៏ដូចជាក្រុមគ្រួសារបងប្អូនជាច្រើន ដែលគេបានប្តឹងពីរឿងបាត់កូន បាត់ប្តី”។

ជាមួយនេះ អ្នកស្រី ចាន់ថូ ក៏សូមអំពាវនាវរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ឱ្យកូនស្រីរបស់អ្នកស្រី បានត្រឡប់ទៅផ្ទះ និងទៅបន្តការសិក្សាឡើងវិញផង៕

RELATED ARTICLES