Friday, September 20, 2024
Homeព័ត៌មានជាតិកូនរត់ចោលការងារនៅកូរ៉េ ទៅតាមខឹម វាសនា ម៉ែឪយំសំពះអង្វរ ភ្ញាក់ខ្លួន ទៅផ្ទះវិញកូន!

កូនរត់ចោលការងារនៅកូរ៉េ ទៅតាមខឹម វាសនា ម៉ែឪយំសំពះអង្វរ ភ្ញាក់ខ្លួន ទៅផ្ទះវិញកូន!

ខេត្តសៀមរាប ៖ ឪពុកម្តាយ ចំនួន២គ្រួសារ បានទៅរង់ចាំកូន ដាច់បាយក្រហាយទឹក និងយំសំពះអង្វរឱ្យកូនដែលជាពលករមកពីកូរ៉េ នាំគ្នាចាកចេញពីចម្ការលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រឡប់ទៅផ្ទះវិញ កុំបន្តងប់ងុលចាញ់បោកការឃោសនាអកុសលរបស់លោកខឹម វាសនា និងបក្ខពួក ដែលថាមានទឹកជន់លិចពិភពលោកនោះតទៅទៀត។

ករណីនេះបង្កការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខចម្ការលោកខឹម វាសនា ស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រជាពលរដ្ឋ ២គ្រួសារនោះ ជាអ្នកស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមការសាកសួររបស់លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគាត់បានរៀបរាប់ឱ្យដឹងថា កូនៗរបស់គាត់ ជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយត្រឡប់មកពីកូរ៉េ កាលពីថ្មីៗនេះ ចោលការងារ ដើម្បីគេចពីគ្រោះទឹកលិចពិភពលោក តាមការឃោសនារបស់ខឹម វាសនា និងបក្ខពួក។

ពួកគាត់បានឱ្យដឹងថា ពេលត្រឡប់មកពីកូរ៉េ កូនៗរបស់ពួកគាត់ បាននាំគ្នាទៅនៅចម្ការលោកខឹម វាសនា តែម្តង ដោយមិនបានចូលផ្ទះទេ។ កូនៗបានហៅពួកគាត់ជាឪពុកម្តាយ ឱ្យទៅជាមួយផងដែរ តែពួកគាត់មិនបានទៅឡើយ ព្រោះពួកគាត់មិនជឿនូវអ្វីដែលជាការ ឃោសនារបស់ខឹម វាសនា និងបក្ខពួកនោះទេ។

ទឹកចិត្តដែលស្រឡាញ់កូន ឪពុកម្តាយពីរគ្រួសារ សុខចិត្តអត់បាយក្រហាយទឹក មិនដេកពួនរង់ចាំកូនៗរបស់ខ្លួន។ ជាមួយទឹកភ្នែកហូរសស្រាក់ ឪពុកម្តាយទាំងពីរគ្រួសារ បានអំពាវនាវឱ្យកូនៗចាកចេញពីចម្ការលោកខឹម វាសនា ត្រឡប់ទៅផ្ទះវិញ។

ឪពុកម្តាយទាំងពីរគ្រួសារ ក៏បានអំពាវនាវដល់សមត្ថកិច្ច ជួយដល់កូនៗរបស់ពួកគាត់ និងអំពាវនាវដល់លោកខឹម វាសនា និងបក្ខពួក បញ្ឈប់ការឃោសនា និងដោះលែងកូនៗរបស់ពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា មិនមែនមានតែពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ពីរគ្រួសារនេះទេ ដែលរង់ចាំកូនចៅ ក្រុមគ្រួសារ សាច់ញាតិនោះ នៅមានប្រជាពលរដ្ឋជាច្រើនរូបទៀត បានតាមស្វែងរក និងទួញយំអង្វរកូន ស្វាមី ភរិយា និងសាច់ញាតិ ឲ្យចាកចេញពីចម្ការលោកខឹម វាសនា ក្នុងនោះក៏មានបុរសស្ត្រី ជាប្តីប្រពន្ធ មកពីស្រុកស្ទោង ខេត្តកំពង់ធំ បានមកយំអង្វរកូនស្រី ឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីទៅបន្តការសិក្សានៅភ្នំពេញ បន្ទាប់ពីកូនស្រី បានប្រឡងបាក់ឌុបជាប់ ជាប់ទាំងអាហារូបករណ៍រៀនសាកលវិទ្យាល័យមួយ ដោយមិនបង់ប្រាក់ផងដែរ តែកូនស្រីបែរជារត់ចោលផ្ទះ មិនទៅបន្តការសិក្សា មកសំងំនៅក្នុងចម្ការលោកខឹម វាសនា នៅជើងភ្នំគូលែន ខេត្តសៀមរាប អស់ពេលជាង ៧ខែមកហើយ មិនព្រមត្រឡប់ទៅផ្ទះវិញ។

រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាច្រើន កំពុងសម្ងំនៅក្នុងចម្ការរបស់លោកខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅឡើយ ទោះបីជាប្រជាពលរដ្ឋមនួយចំនួន បានភ្ញាក់ខ្លួន ឈប់ជឿការឃោសនាអកុសលរបស់លោកខឹម វាសនា បាននាំគ្នាចាកចេញ ត្រឡប់ទៅផ្ទះវិញ ជាបន្តបន្ទាប់ក៏ដោយ។ ការដែលពួកគាត់រត់ទៅចម្ការលោកខឹម វាសនា នេះ បន្ទាប់ពីលង់ជឿដោយមិនពិចារណា លើលោកខឹម វាសនា និងបក្ខពួក ដែលបានសាបព្រោះពាក្យចចាមអារ៉ាមថា ទឹកនឹងលិចពិភពលោក ហើយនៅសល់តែចម្ការលោកប៉ុណ្ណោះ ដែលមិនលិច។ ពលរដ្ឋដែលរត់ទៅ គ្រួសារខ្លះ បានលក់ទ្រព្យសម្បត្តិ ប្រមូលលុយកាក់ទៅជាប់ខ្លួនផង ព្រោះពួកគេយល់ថា នឹងអស់ឱកាសចាយលុយទៀតហើយ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)  បានធ្វើលិខិតសារភាព ទទួលស្គាល់កំហុសរបស់ខ្លួន ថាពួកគេពិតជាបានធ្វើចលនាកៀងគរមនុស្ស ទៅប្រមូលផ្តុំគ្នានៅដីចម្ការ ស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់ ប្រាកដមែន និងបានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងជំរំស្នាក់នៅដែលបានសង់ទាំងអស់ យ៉ាងយូរបំផុតត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមសកម្មជនជាកូនចៅជំនិតលោកខឹម វាសនា ចំនួន ៦នាក់ រួមមាន ៖ ទី១-ឈ្មោះនី ចាន់ពិនិត្យ ។ ទី២-ឈ្មោះចិន ថុន ។ ទី៣-ឈ្មោះឆឹយ ប៊ុនធឿន។ ទី៤-ឈ្មោះទូច ពុទ្ធសូរីដា ។ ទី៥-ឈ្មោះសួង គន្ធា និងទី៦-ឈ្មោះ សំ សីម៉ា បានធ្វើលិខិតកិច្ចសន្យារួមមួយ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ទទួលស្គាល់កំហុស និងធានាអះអាង ៦ចំណុច ដូចខាងក្រោម ៖

១- យើងខ្ញុំសូមទទួលស្គាល់ថា ពិតជាមានកំហុសដែលបានកៀងគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចចម្ការទំហំ ១២ហិកតារ និង ២៥ហិកតារ ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

២- យើងខ្ញុំសូមបញ្ឈប់ការសាងសង់ជម្រក និងរោងខុសច្បាប់ផ្សេងៗ សម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះបន្តរស់នៅតទៅទៀតហើយ។ ចំណែកជម្រកនិងរោងខុសច្បាប់ដែលបានសង់រួចហើយ ក៏ត្រូវរុះរើចេញផងដែរ។ ក្នុងករណីសាងសង់ថ្មី ត្រូវតែសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឱ្យបានត្រឹមត្រូវ។

៣- យើងខ្ញុំនឹងប្រកាសឱ្យប្រជាពលរដ្ឋរំសាយការជួបជុំ ការរស់នៅលើដីចម្ការរបស់ឈ្មោះ នី ចាន់ពិនិត្យ ទាំងពីរទីតាំងខាងលើ ចាប់ពីពេលនេះតទៅ។ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹង មិនព្រមចាកចេញ សូមអាជ្ញាធរចាត់ការទៅតាមផ្លូវច្បាប់។ ក្នុងនោះសូមបញ្ឈប់ឱ្យធ្វើការរារាំងផ្លូវចេញចូល និងឈប់ប្រើវិទ្យុទាក់ទង (អាយកូម) ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

៤- យើងខ្ញុំសូមសន្យាថា នឹងប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ ក្នុងដីចម្ការរបស់ខ្ញុំទាំងពីរទីតាំង ចាកចេញ ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ត្រឹមវេលាម៉ោង ១៧និង៣០នាទី ជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរូស មិនព្រមអនុវត្តតាមសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើនេះ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់ ឱ្យពួកគាត់ចាកចេញ។ ទន្ទឹមនេះ ចាប់ពីថ្ងៃនៃការប្រកាសឱ្យចាកចេញ យើងខ្ញុំសូមមិនទទួលខុសត្រូវលើការដាំស្ល ឬផ្គត់ផ្គង់អាហារឱ្យប្រជាពលរដ្ឋខាងលើ តទៅទៀតនោះទេ។

៥- ក្នុងករណីមានបទល្មើសណាមួយកើតឡើងនៅទីតាំងដីចម្ការទាំងពីរទីតាំងរបស់ខ្ញុំបាទខាងលើ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការទៅតាមច្បាប់។

៦- យើងខ្ញុំសូមមិនធ្វើការឃោសនាផ្សព្វផ្សាយណាមួយ ឬទទួលឱ្យប្រជាពលរដ្ឋ ចូលទៅរស់នៅលើដីចម្ការរបស់ខ្ញុំ ដោយខុសច្បាប់ទៀតនោះទេ…៕

RELATED ARTICLES