Friday, September 20, 2024
Homeព័ត៌មានជាតិខារ៉ាអូខេ ផ្ទះមេ ចំណាយ៨០ដុល្លារ មានសេវាក្មេងស្រីបម្រើផ្លូវភេទ

ខារ៉ាអូខេ ផ្ទះមេ ចំណាយ៨០ដុល្លារ មានសេវាក្មេងស្រីបម្រើផ្លូវភេទ

ខេត្តកំពង់ស្ពឺ ៖ ហាងខារ៉ាអូខេ មួយកន្លែង បានលួចលាក់បង្កប់បម្រើសេវាផ្លូវភេទ ដោយភ្ញៀវដែលចូលផឹកស៊ី ច្រៀងកម្សាន្ត អាចរកសេវាផ្លូវភេទបាន ដោយមានក្មេងស្រី ជាច្រើននាក់ ចាំទទួល ក្នុងតម្លៃទាបបំផុត ៨០ដុល្លារ ទីបំផុតត្រូវសមត្ថកិច្ចជំនាញឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្សជាច្រើននាក់។

ប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូខេបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីព្រីលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចអាហារដ្ឋាន ខារ៉ាអូខេ យីហោ ផ្ទះមេ KTV មានទីតាំងស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្តិការឆ្មក់បង្ក្រាបហាងខារ៉ាអូខេបង្កប់សេវាស្រួលនេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

យោងតាមកំណត់ហេតុបិទទីតាំង ដែលអ្នកសារព័ត៌មានទទួលបាន បញ្ជាក់ថា ការចុះបង្ក្រាបទីតាំងហាងអាហារដ្ឋាន ខារ៉ាអូខេ ផ្ទះមេ KTV ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខាងលើនេះ ដឹកនាំដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

កំណត់ហេតុ បានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍មកសមត្ថកិច្ចថា នៅក្នុងហាង អាហារដ្ឋាន ខារ៉ាអូខេ យីហោ «ផ្ទះមេ KTV» មានលួចបង្កប់សេវាបម្រើផ្លូវភេទ និងមានក្មេងស្រីមិនទាន់គ្រប់អាយុ មកបម្រើការងាររួចមកនោះ លោក ចក សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យនិងឆែកឆេរទីតាំងខាងលើ ដែលមានក្មេងស្រីមិនទាន់គ្រប់អាយុ កំពុងបម្រើការងារនៅក្នុងហាង និងមានសេវាចេញទៅក្រៅរួមភេទជាមួយភ្ញៀវ នៅផ្ទះសំណាក់ (មិនមានស្លាកយីហោ) ស្ថិតនៅជិតហាង ផ្ទះមេ KTV។

កំណត់ហេតុដដែល បានបន្តថា ការដែលមានបើកឱ្យនារីក្មេងៗមិនទាន់គ្រប់អាយុ រួមភេទជាមួយភ្ញៀវនោះ គឺមានការរៀបចំជាកញ្ចប់ របស់ថៅកែ និងមេការ ដោយភ្ញៀវ ត្រូវចំណាយប្រាក់ចំនួន ៨០ដុល្លារ ក្នុងនោះ មេការចាត់ចែងថ្លៃផ្ទះសំណាក់ ចំនួន១០ដុល្លារ ថៅកែហាង ផ្ទះមេ KTV ចំនួន ១០ដុល្លារ និងមេការ ចំនួន១០ដុល្លារ ហើយប្រាក់ដែលនៅសល់ពីការចាត់ចែងនេះ មេការ ឱ្យទៅនារីបម្រើសេវាផ្លូវភេទ។

ក្រោយពីបានពិនិត្យនិងឆែកឆេរទីតាំងខាងលើ ចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង សម្រេច បិទទីតាំងហាង យីហោ «ផ្ទះមេ KTV» ស្ថិតនៅភូមិទី៤ ឃុំបឹង ស្រុកភ្នំស្រុក ខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន រង់ចាំការសម្រេចតាមនីតិវិធី។

ជុំវិញប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញចំនួនមនុស្សដែលឃាត់ខ្លួននៅឡើយទេ ប៉ុន្តែមនុស្សប្រុសស្រីទាំងនោះ ត្រូវបានដឹកតាមរថយន្ត យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋ បានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះស៊ើបអង្កេតទីតាំងហាងខារ៉ាអូខេ (KTV) ច្រើនកន្លែងទៀត ដែលបើកខារ៉ាអូខេ ហើយមានផ្ទះសំណាក់នៅជាប់ជិតជាមួយគ្នា មិនដឹងថា មានសេវាដូចគ្នានេះដែរឬយ៉ាងនោះទេ៕

RELATED ARTICLES