Friday, September 20, 2024
Homeព័ត៌មានជាតិបុរសខូចចិត្ត អារកសម្លាប់ខ្លួនក្នុងបន្ទប់ជួល

បុរសខូចចិត្ត អារកសម្លាប់ខ្លួនក្នុងបន្ទប់ជួល

ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ ត្រូវបានមិត្តភក្តិប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួលរបស់ខ្លួន ដោយមានស្លាកស្នាមអារក បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ សង្ស័យជាអំពើឃាតកម្ម លុះសមត្ថកិច្ច ជំនាញពិនិត្យរួច ដឹងថា បុរសខាងលើ បានអារកសម្លាប់ខ្លួន។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បុរសដែលអារកសម្លាប់ខ្លួន មានឈ្មោះជា សារ៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មុខរបរនាំភ្ញៀវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី មានស្រុកកំណើតនៅភូមិព្រៃផ្អុង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសម្តីស្ត្រីឈ្មោះជា ស្រីតូច អាយុ៣៩ឆ្នាំ ត្រូវជាបងស្រីបង្កើតជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ប្អូនរបស់គាត់ (ជនរងគ្រោះ) តែងតែទូរស័ព្ទប្រាប់អំពីជំងឺប្រចាំកាយរបស់គេ និងថែមទាំងធ្លាប់ព្រលយពាក្យថា លែងចង់រស់ ជាញឹកញាប់ទៀតផង ឮបែបនេះ រូបគាត់ ជាបងស្រី តែងតែផ្តល់កម្លាំងចិត្តដល់ប្អូន ឱ្យខំតស៊ូ រៀងរាល់ពេលដែលប្អូននិយាយប្រាប់។

បងស្រីបុរសរងគ្រោះ បានបន្តថា លុះមកដល់ថ្ងៃកើតហេតុ មានមិត្តភក្តិរបស់ប្អូនគាត់ បានដើរចូលក្នុងបន្ទប់ដែលប្អូនជួល ក៏ឃើញស្បែកជើង ហើយបានគោះទ្វារហៅ តែពុំមានការឆ្លើយតប ក៏បានបើកបន្ទប់មើល ហើយឃើញមានឈាម ទើបភ័យឆោឡោ រត់ចេញមកក្រៅ ស្រែកហៅបងប្អូននៅក្បែរ និងបានទូរស័ព្ទប្រាប់សមត្ថកិច្ច មកត្រួតពិនិត្យ ដោយដំបូងឡើយសង្ស័យថាជាអំពើឃាតកម្ម ព្រោះឃើញត្រង់បំពង់កសពប្អូនប្រុសគាត់ មានស្នាមមុតរយះយ៉ាងធំ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងបង្កើតគណៈកម្មការត្រួតពិនិត្យ ធ្វើកោសល្យវិច័យសព ព្រមទាំងពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញថា បុរសខាងលើ បានធ្វើអត្តឃាត ដោយអារកខ្លួនឯង ពោលគឺមិនពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនោះទេ។ ចំណែកមូលហេតុ ដោយសារតែជនរងគ្រោះ តូចចិត្តនឹងជំងឺប្រចាំកាយ យូរឆ្នាំមកហើយ ព្យាបាលមិនជា។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES