ភ្នំពេញ ៖ បុរសវ័យ៥០ឆ្នាំម្នាក់ កំពុងមានជំងឺប្រចាំកាយផង ខណៈដែលប្រពន្ធចេញទៅលក់ដូរបាត់ ប្រឹងឡើងទៅពិនិត្យទទឹក លើដំបូល បណ្តាលឱ្យរអិលជើងធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
បុរសរងគ្រោះ មានឈ្មោះហុក យូហៀង ភេទប្រុស អាយុ៥០ឆ្នាំ (មានជំងឺប្រចាំកាយ) មុខរបរលក់ដូរជាមួយប្រពន្ធ ស្នាក់នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានចេញទៅលក់ដូរដូចសព្វដង ចំណែកជនរងគ្រោះជាប្តី នៅផ្ទះ ដោយមិនដឹងថា ជនរងគ្រោះងាកឃើញបំពង់ទទឹកយ៉ាងណា ទើបឡើងទៅឡើងពិនិត្យ ស្រាប់តែរអិលធ្លាក់ មកក្រោម ស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សាច់ញាតិដើរទៅប្រទះឃើញជនរងគ្រោះដេកដួលនៅលើដី ទើបស្រែកឆោឡោ ឱ្យអ្នកជិតខាងទៅជួយ តែអកុសល ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕