ខេត្តពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ ហេតុតែចង់ផ្គាប់ចិត្តសង្សាររបស់ខ្លួន ក៏បែកគំនិតធ្វើចោរ ដើរលួចលុយនិងទ្រព្យសម្បត្តិរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ រួចយកលុយទៅទិញទូរស័ព្ទទំនើប ១គ្រឿង ឲ្យសង្សារ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យជាចោរវ័យក្មេងនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះឪពុកម្តាយជនសង្ស័យ ស្ថិតនៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យ ជាចោរលួច ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះចាន់ វុធថង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងបន្ទុកគ្រួសារ និងមានលំនៅក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ។
លោកស្នងការរង បញ្ជាក់ថា ការឃាត់ចាប់ខ្លួនជនសង្ស័យ ឈ្មោះចាន់ វុធថង នេះ ធ្វើឡើងបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះជាតិ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ដែលប្តឹងថា កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ គាតបាននាំប្រពន្ធ ឈ្មោះអឿន សម្ភស្ស ទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ដើម្បីត្រៀមសម្រាលកូន លុះដល់ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ គាត់បានបាត់លុយ និងគ្រឿងអលង្ការ អស់ពីកាបូបតែម្តង ដែលក្នុងនោះមាន លុយខ្មែរ ចំនួន ១លាន ៦៥ម៉ឺនរៀល ខ្សែកស្វីស បន្តោងរូបមាន់ ប្លាទីន ១ខ្សែ កងដៃប្លាទីន ចំនួន៣កង ចិញ្ចៀនត្បូងប្លាទីន ១វង់ និងស្បែកជើង ម៉ាក GAMBOI ពណ៌ក្រហម ១គូ។
លោកស្នងការរង បញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះចាន់ វុធថង បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយ និងគ្រឿងអលង្ការ នៅក្នុងមន្ទីរពេទ្យបង្អែកនោះមែន នៅគ្រាដែលអ្នកជំងឺនិងអ្នកកំដរ ដេកលក់។ ជនសង្ស័យ បន្តថា លុយដែលខ្លួនលួចបាន យកទៅទិញគណនីហ្វេសប៊ុក ឈ្មោះ Mlbb Sell តាមរយៈអនឡាញ តម្លៃ៥០ដុល្លារ ដោយផ្ញើលុយតាមរយៈភ្នាក់ងារវេរលុយ (វីង)។ បន្ទាប់មក យកគ្រឿងអលង្ការទៅលក់ឱ្យឈ្មោះយុន ទីណា ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ដែលជាអ្នកលក់ដូរគ្រឿងអលង្ការ ក្នុងផ្សារស្រុកភ្នំក្រវាញ បានលុយចំនួន ២លានរៀល ខ្លួនក៏ទៅទិញទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 11Pro ពណ៌ស្លែ តម្លៃ ២លានម្ភៃម៉ឺនរៀល ពីតូបលក់ទូរស័ព្ទឈ្មោះខៀវ សុផារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ រួចជិះម៉ូតូយកទូរស័ព្ទដែលខ្លួនទិញបាន ទៅឱ្យសង្សារ ឈ្មោះរ៉ាត់ ឌីណា អាយុ១៧ឆ្នាំ នៅភូមិសន្ទ្រែ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ និងឱ្យលុយទៅសង្សារ ថែមចំនួន ៦៥ម៉ឺនរៀលទៀត។ ចំពោះលុយនៅសល់ ចំនួន៦០ម៉ឺនរៀល ខ្លួនបានទិញសម្ភារសិក្សា និងចាក់សាំងម៉ូតូ។
លោកស្នងការរង បញ្ជាក់បន្ថែមថា ជនសង្ស័យ បានសារភាពបន្តថា កន្លងមក រូបគេធ្លាប់ចូលរួមលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-5022 លេខតួ ND 125M.9878410 លេខម៉ាស៊ីន ND 125ME-9878410 នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះសុខ ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្សត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈឈ្មោះសុខ ចន្ថា ត្រូវបានសមត្ថកិច្ចអនុវត្តនីតិវិធី កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ រួចទៅហើយ។
ជនសង្ស័យជាចោរវ័យក្មេងខាងលើ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕