Friday, January 24, 2025
Homeព័ត៌មានជាតិកូនមកពីចម្ការខឹម វាសនា ម៉ែបន្ទោសអាខ្លាចងាប់ ចងកស្លាប់

កូនមកពីចម្ការខឹម វាសនា ម៉ែបន្ទោសអាខ្លាចងាប់ ចងកស្លាប់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ព្រោះតែជឿលង់ថាពិភពលោកនឹងត្រូវជន់លិច ទើបធ្វើដំណើរជាមួយមិត្តភក្តិម្នាក់ ដែលមក ពីប្រទេសកូរ៉េ ចូលទៅស្នាក់នៅក្នុងចម្ការលោកខឹម វាសនា ឯជើងភ្នំគូលែន ខេត្តសៀមរាប លុះស្នាក់នៅជាច្រើនថ្ងៃ មិន ឃើញមានទឹកលិចពិភពលោក ក៏ត្រឡប់មកផ្ទះវិញ ត្រូវឪពុកម្តាយស្តីបន្ទោស ២-៣មាត់ ថាអាខ្លាចងាច់ខុសគេ និងអប់រំណែនាំកុំឱ្យជឿពាក្យចចាមអារ៉ាមផ្តេសផ្តាស ស្រាប់តែកូនប្រុសឈឺចិត្តស្អិតទ្រូង រត់ទៅចងកស្លាប់នៅលើដើមឈើកណ្តាលវាលស្រែ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស។

យុវជនដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះម៉ាត ម៉ាន អាយុ២០ឆ្នាំ មានលំនៅ ភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស។

លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់ប្រាប់ថា យុវជនដែលបានចងកធ្វើអត្តឃាតខាងលើនេះ គឺបន្ទាប់ពីគេបានត្រឡប់មកពីចម្ការរបស់លោកខឹម វាសនា ហើយត្រូវបានឪពុកម្តាយស្តីបន្ទោសនិងណែនាំមិនឱ្យត្រឡប់ទៅវិញ ធ្វើឱ្យរូបគេមានការខឹងសម្បានឹងឪពុកម្តាយដែលបានស្តីបន្ទោសបន្តិចបន្តួចនោះ ក៏បានសម្រេចចិត្តធ្វើអត្តឃាតតែម្តង។

លោកអធិការ បានបន្តថា យុវជនរូបនេះ បានទៅស្នាក់នៅចម្ការលោកខឹម វាសនា ជាមួយមិត្តភក្កិដែលមកពីប្រទេសកូរ៉េ ខណៈនោះ ឪពុកម្តាយបានឃាត់កូន មិនឱ្យទៅដែរ តែរូបគេនៅតែមានះ មិនស្តាប់ការហាមឃាត់របស់ឪពុកម្តាយ ហើយរូបគេបានចេញទៅនៅចម្ការលោកខឹម វាសនា តាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានត្រឡប់មកវិញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ លុះមកដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ យុវជនរូបនេះ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអធិការ ក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានជ្រុលខ្លួនជឿតាមការអូសទាញរបស់ក្រុមមនុស្សមួយចំនួនដែលបានអូសទាញឱ្យទៅស្នាក់នៅក្នុងចម្ការរបស់លោកខឹម វាសនា ដើម្បីរក្សាជីវិតដោយសារតែមានទឹកលិចពិភពលោក សល់តែចម្ការលោកខឹម វាសនា មួយគត់ ដែលជាទីជម្រកដល់មនុស្សលោកដែលមានជំនឿអរូបីនោះ ត្រឡប់មកផ្ទះសម្បែង ក្រុមគ្រួសាររបស់ខ្លួនវិញ ព្រោះគ្មានទឹកលិចអីទេ។

បន្ទាប់ពីមានការពន្យល់ណែនាំពីថ្នាក់ដឹកនាំ ឥឡូវនេះពលរដ្ឋភាគច្រើន បាននិងកំពុងតែត្រឡប់មកផ្ទះសម្បែងវិញ ជាបន្តបន្ទាប់។ ហេតុនេះ ប្រសិនបើពួកគាត់យល់ដឹង និងបានភ្ញាក់ខ្លួនដោយបានត្រឡប់មកផ្ទះវិញហើយ សូមកុំមានការរើសអើង ឬស្តីបន្ទោស គួរយោគយល់ និងអធ្យាស្រ័យនូវកំហុសមួយពេល ដែលគិតមិនដល់ លង់ជឿតាមការឃោសនាអកុសល៕

RELATED ARTICLES