Friday, September 20, 2024
Homeព័ត៌មានជាតិកូនគំរាមដុតផ្ទះសម្លាប់ ម៉ែប្តឹងប៉ូលិសចាប់

កូនគំរាមដុតផ្ទះសម្លាប់ ម៉ែប្តឹងប៉ូលិសចាប់

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ តែងបង្កការអុកឡុកវាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ និងប្រើហិង្សា មកលើម្តាយបង្កើតខ្លួនឯងជាញឹកញាប់ លុះចុងក្រោយ ថែមទាំងគំរាមដុតផ្ទះ និងសម្លាប់ម្តាយចោលទៀត ជាហេតុធ្វើឱ្យស្ត្រីជាម្តាយភិតភ័យ រត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់កូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

គារចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។

ជនសង្ស័យដែលគំរាមដុតផ្ទះសម្លាប់ម្តាយចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះថន រស្មី ហៅស្មី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ធ្លាប់ត្រូវបានឪពុកម្តាយយកទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន ឱកាសខ្ញុំ នៅរាជធានីភ្នំពេញ រយៈពេល៦ខែ តែក្រោយពេលចេញមកវិញ មិនកែប្រែអ្វីបន្តិចសោះ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះនុត ស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។

តាមប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ថន រស្មី ហៅស្មី គឺជាមនុស្សញៀនថ្នាំ រហូតដល់គ្រប់គ្រងសតិស្មារតីរបស់ខ្លួនលែងបាន ចេះតែអុកឡុកក្រុមគ្រួសារខ្លាំងពេក ទើបធ្លាប់ត្រូវបានឪពុកម្តាយ យកទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន ឱកាសខ្ញុំ នៅរាជធានីភ្នំពេញ រយ:ពេល ០៦ខែដែរ តែចេញមកវិញ កាន់តែញៀនខ្លាំងលើសដើម។

ប្រភពដដែល បន្តថា កន្លងមក ឱ្យតែជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួច តែងតែវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ និងគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះជាឪពុកម្តាយ ជាញឹកញាប់។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទើបនឹងត្រឡប់មកពីប្រើប្រាស់គ្រឿងញៀនវិញ រួចបានបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះទៀត ទើបស្ត្រីរងគ្រាះជាម្តាយ បានចេញមកឃាត់ និងស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែកូនប្រុសកំណាច ច្រឡោតខឹង ស្រែកគំរាមដុតផ្ទះ សម្លាប់ម្តាយចោលតែម្តង ទើបធ្វើឱ្យស្ត្រីជាម្តាយ ភ័យស្លន់ស្លោ រត់ទៅប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES