Friday, September 20, 2024
Homeព័ត៌មានជាតិភ្លើងឆេះផ្សារទួលសង្កែ ខូចខាត៩តូប

ភ្លើងឆេះផ្សារទួលសង្កែ ខូចខាត៩តូប

ភ្នំពេញ ៖ តូបលក់ដូរទំនិញគ្រប់ប្រភេទនៅក្នុងផ្សារតូច ទួលសង្កែ ត្រូវបានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលយប់ បណ្តាលឱ្យតូបលក់ដូរចំនួន ៣តូប ទទួលរងការខូចខាតទាំងស្រុង ខណៈដែល ៦តូបទៀត រងការខូចខាតខ្លះៗ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចជំនាញទាន់ពេល។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងផ្សាតូច ទួលសង្កែ ស្ថិតតាមផ្លូវលេខ៩០១ ក្រុម២ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ម្ចាស់ទីតាំងដែលទទួលរងការឆាបឆេះ មានឈ្មោះសុខ រី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរអាជីវករ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅជាប់ផ្សារកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ពួកគាត់ឮសំឡេងឆ្កែព្រុសយ៉ាងខ្លាំងខុសពីធម្មតា លុះពេលបើកទ្វារចេញទៅមើល ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះពេញតូបលេខ៩ និងឆ្លងរាលដល់តូបជាប់ៗគ្នានោះ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ 

ប្រភពដដែល បន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាវាយទម្លុះទ្វារ ដងទឹកជះ និងយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជួយសង្គ្រោះ ជាច្រើនគ្រឿង និងជាច្រើនអង្គភាពផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា តូបដែលរងគ្រោះទាំងអស់ សរុបចំនួន ៩តូប រួមនិងសម្ភារខាងក្នុងមួយចំនួន ក្នុងនោះឆេះខូចខាតទាំងស្រុង ចំនួន៣តូប និងឆេះខូចខាតខ្លះៗចំនួន៦តូប ហើយតូបទាំងនោះ មានលក់ដូរចម្រុះ ដូចជា តូបលក់កាហ្វេ តូបលក់មាស ប្លាទីន តូបលក់ក្រដាសជូតមាត់ និងតូបលក់គ្រឿងទេសគ្រប់ប្រភេទ។ ចំពោះមូលហេតុដែលឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ដោយឡែក នៅក្នុងប្រតិបត្តិការអន្តរាគមន៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញការិយាល័យបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គភ័យ ចំនួន២០គ្រឿង ប៉ុន្តែប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ស្មើនឹង ២៨ម៉ែត្រគូប។ ក្នុងនោះ មានរថយន្តជំនួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង តែពុំបានប្រើប្រាស់ទឹក។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង៦ម៉ែត្រគូប និងប្រើរយៈពេលពន្លត់ ប្រមាណជិត ១ម៉ោង ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថៃទី០៦ ខែកញ្ញា ឆ្នាំ២០២២៕

RELATED ARTICLES