Friday, September 20, 2024
Homeព័ត៌មានជាតិបង្អកស្រាស្រវឹង ស៊ីដាច់ម៉ូតូ ជាប់ខ្នោះ២នាក់

បង្អកស្រាស្រវឹង ស៊ីដាច់ម៉ូតូ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាម ចំនួន២នាក់ បានល្បួងនាំបុរសម្នាក់ទៅផឹកស៊ី និងបង្អកស្រា រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏នាំគ្នាទៅឈប់ម៉ូតូអង្គុយលេងលើសួនច្បារ លុះជនរងគ្រោះជាម្ចាស់ម៉ូតូស្រវឹងខ្លាំង ដេកលក់ទៅ ជនសង្ស័យទាំង២នាក់ មានឱកាសក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ អស់រយៈពេល២០ថ្ងៃ ក៏ត្រូវជនរងគ្រោះប្រទះឃើញ ចាប់ក្របួចជាប់ទាំង២នាក់ នាំយកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ជនសង្ស័យ២នាក់ខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ផ្លូវលេខ១០០៣ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះលី អ៊ីមរន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរបើកបររថយន្ត មានលំនៅផ្ទះលេខ ១០០១ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅ ក្រុម៣ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) និងទី២-ឈ្មោះសុះ រ៉ម៉ាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

តាមប្រភពពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ខ្លួនត្រូវបានជនសង្ស័យទាំង២នាក់ខាងលើ ល្បួងនាំទៅផឹកស៊ី រហូតដល់ស្រវឹង រួចក៏នាំគ្នាជិះម៉ូតូមកលេងនៅមុខក្រសួងដែនដី ត្រង់ចំណុចកើតហេតុខាងលើ ហើយបានដេកលក់នៅលើស្មៅ ពេលនោះជនសង្ស័យបានទៅដាស់គាត់ដែរ ប៉ុន្តែគាត់ស្រវឹងខ្លាំងពេក ទើបមិនដឹងខ្លួន។ លុះឃើញសភាពបែបនេះ ជនសង្ស័យទាំង២នាក់ ក៏យកម៉ូតូរបស់គាត់ ជិះគេចខ្លួនបាត់ទៅ ចំណែកគាត់ក៏មិនបានដាក់ពាក្យបណ្តឹងភ្លាមៗដែរ។

ជនរងគ្រោះ បន្តថា លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ទើបគាត់បានប្រទះឃើញជនសង្ស័យទាំង២នាក់ ក៏នាំខ្លួនជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានយកម៉ូតូជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកច្ចិជំនាញ សាកសួរបន្ថែម ដើម្បីស្រាវជ្រាវរកម៉ូតូជនរងគ្រោះ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES