Friday, September 20, 2024
Homeព័ត៌មានជាតិខឹងមិនមើលថែម៉ែឈឺ ប្អូនដាល់បងស្រីប៉ោងមុខ

ខឹងមិនមើលថែម៉ែឈឺ ប្អូនដាល់បងស្រីប៉ោងមុខ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានជិះម៉ូតូទៅផ្ទះបងស្រីបង្កើតរបស់ខ្លួន ដើម្បីមើលម្តាយដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ លុះទៅដល់ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយបងស្រី ដោយជនសង្ស័យជាប្អូន ថាបងស្រីមិនមើលថែម្តាយឈឺ រហូតឈានដល់ការផ្ទុះជាអំពើហិង្សា ដោយភាគីប្អូនប្រុស បានដាល់បងស្រីរបស់ខ្លួន ចំនួន២ដៃ បណ្តាលឱ្យប៉ោងមុខ ទីបំផុតសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្អូនប្រុសដាល់បងស្រីប៉ោងមុខនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ស្ត្រីជនរងគ្រោះ មានឈ្មោះប៉ែន ចាន់ថន អាយុ៥០ឆ្នាំ ជាសមាជិកភូមិ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។ ចំណែកជនសង្ស័យត្រូវជាប្អូនបង្កើត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ែន ចាន់រ៉ាម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃកើតហេតុ ជនសង្ស័យខាងលើដែលត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ បានជិះម៉ូតូមកដល់ផ្ទះរបស់គាត់ជាបងស្រី ដើម្បីមើលម៉ែឈឺ។ លុះពេលមកដល់ ប្អូនប្រុសនេះ បានស្តីបន្ទោសរូបគាត់ជាបងស្រីថា “ហេតុអីមិនមើលថែម៉ែឱ្យ បានល្អ ហើយថ្នាំដែលទិញមក ម៉េចមិនដាក់ឱ្យម៉ែលេប?”។

ស្ត្រីរងគ្រោះ បន្តថា ពេលនោះ រូបគាត់ជាបងស្រី បានឆ្លើយតបថា “បើអញមិនដឹងថ្នាំអីផង បើឱ្យម៉ែលេប អាចនឹងមានគ្រោះថ្នាក់” ទើបបង្កជាទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក រហូតឈានដល់ការប្រតាយប្រតប់គ្នា ស្រាប់តែភ្លាមនោះ ប្អូនប្រុសកំណាច បានដាល់គាត់ ចំនួន២ដៃ ចំថ្ងាស ១ដៃ ហើមប៉ោង និងចំមុខ ១ដៃ ប៉ោងមានស្នាមជាំតែម្តង។ ដោយសារតែទ្រាំនឹងទង្វើដ៏កោងកាចរបស់ប្អូនប្រុសនេះមិនបាន ទើបគាត់បានប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងចាប់ខ្លួនប្អូនប្រុសរូបនេះ នាំយកតៅចាត់ការតាមច្បាប់តែម្តង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ែន ចាន់រ៉ាម នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សា (ដាល់) ទៅលើបងស្រីបង្កើតប្រាកដមែន មូលហេតុដោយសារទាស់សម្តីគ្នារឿងមើលថែម្តាយឈឺ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES