Friday, September 20, 2024
Homeព័ត៌មានជាតិយាយចូលព្រៃបត់ជើង ជួបចៅចងក

យាយចូលព្រៃបត់ជើង ជួបចៅចងក

ខេត្តកោះកុង ៖ យុវជនម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តិរឿងអ្វី ដោះស្រាយមិនចេញ បានចងកសម្លាប់ខ្លួននៅ ក្នុងព្រៃខាងក្រោយផ្ទះ រហូតដល់ជីដូនដើរទៅរកបត់ជើង ស្រាប់តែប្រទះឃើញចៅប្រុស ចងកស្លាប់ក្នុងព្រៃ ក៏ស្រែកឆោឡោផ្អើលអស់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចដំណាក់តាឆេង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះចាន់ រី អាយុ២២ឆ្នាំ មុខរបរនេសាទ មានឪពុកឈ្មោះចាន់ សាន ម្តាយឈ្មោះចិន គន្ធា និងមានលំនៅ ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

តាមការបំភ្លឺពីស្ត្រីចំណាស់ឈ្មោះអ៊ុក ចាន់ថន ត្រូវជាជីដូនរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ចៅប្រុសរបស់គាត់ ឈ្មោះ ចាន់ រី (ជនរងគ្រោះ) បានដើរចូលទៅព្រៃឫស្សីក្រោយផ្ទះ ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍នោះទេ។ លុះក្រោយមក មិនឃើញចៅប្រុសមកផ្ទះវិញ ពួកគាត់នឹកស្មានថាគេចេញទៅនេសាទ។

ស្ត្រីជាជីដូន បន្តថា លុះមកដល់វេលាម៉ោង ៧ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ គាត់បានចេញទៅរកបត់ជើង នៅចំណុចព្រៃខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញចៅប្រុសរបស់គាត់ បានចងកនៅក្នុងគុម្ពឫស្សីក្រោយផ្ទះ ស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា  សហការជាមួយក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES