Friday, January 24, 2025
Homeព័ត៌មានជាតិផ្តាំមិត្តភក្តិជួយមើលថែកូន ចងកស្លាប់

ផ្តាំមិត្តភក្តិជួយមើលថែកូន ចងកស្លាប់

ខេត្តកោះកុង ៈ បុរសជាកម្មករទូកនេសាទម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ បែកគំនិតគិតខ្លី ផ្តែផ្តាំមិត្តភក្តិឱ្យជួយមើលថែកូនរបស់ខ្លួនផង រួចក៏ក្រោកចេញទៅចងកនៅលើដើមអាកាស្យា បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័ម។

ករណីចងកធ្វើអត្តឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ ចំណុចដើមអាកាស្យា ១ដើម ស្ថិតនៅភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះអុក គា អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅបណ្តោះអាសន្នលើទូកនេសាទ នៅក្នុងកំពង់ផែប្រមូលទិញផលនេសាទ ភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា និងមានស្រុកកំណើតនៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមការបំភ្លឺរបស់ឈ្មោះឈិន ឆោម ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះគល់ យ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករទូកនេសាទ និងមានស្រុកកំណើតជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះអុក គា ដេកនៅជិតគ្នា ហើយបាននិយាយប្រាប់ពួកគាត់ថា ជួយមើលកូនឱ្យផង ពេលនោះពួកគាត់មិនបានចាប់អារម្មណ៍នឹងសម្តីរបស់ជនរងគ្រោះទេ នឹកស្មានថាគេនិយាយលេង រួចក៏នាំគ្នាដេកលង់លក់នៅលើទូកជាមួយគ្នា រហូតដល់ម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ពេលក្រោកពីដេក ស្រាប់តែបាត់ជនរងគ្រោះពីកន្លែងដេក ហើយភ្លាមនោះ ពួកគាត់បាននាំគ្នាដើររកនៅក្នុងបរិវេណកំពង់ផែប្រមូលទិញផលនេសាទ តែពុំឃើញ។ រហូតមកដល់វេលាម៉ោង១និង២០នាទីរសៀល ទើបមានអ្នកប្រទះឃើញជនរងគ្រោះឈ្មោះអុក គា ចងកស្លាប់នៅលើដើមអាកាស្យា បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញ និងក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ឈ្មោះអុក គា ពិតជាចងកធ្វើអត្តឃាតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យឈ្មោះឈិន ឆោម និងឈ្មោះគល់ យ៉ាត់ ដែលជាអ្នកភូមិជាមួយគ្នា ដឹកទៅប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

RELATED ARTICLES