Saturday, September 21, 2024
Homeព័ត៌មានជាតិចាប់ខ្លួនអ្នកកាសែត គំរាមហែកកេរ្តិ៍

ចាប់ខ្លួនអ្នកកាសែត គំរាមហែកកេរ្តិ៍

ខេត្តព្រះវិហារ ៖ បុរសជាអ្នកសារព័ត៌មានម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលរងបណ្តឹងពីបទកំហែងយក និងគំរាមហែកកេរ្តិ៍ លើស្ថាប័នអយ្យការ។

បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគីម គឹមឡាយ ភេទប្រុស ជាអ្នកសារព័ត៌មាន និងត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ១២០០/២២ អ.ក។ ចំណែកភាគីដើមបណ្តឹង មានឈ្មោះជិន អូន និងឈ្មោះផល លៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះគីម គឹមឡាយ បានឃាត់រ៉ឺម៉កដឹកឈើ ចំនួន១គ្រឿង ដើម្បីសួរនាំ។ ពេលនោះ ឈ្មោះគីម គឹមឡាយ បានទូរស័ព្ទទៅព្រះរាជអាជ្ញារង លោកវុធ សាវី ប៉ុន្តែដោយសារលោកវុធ សាវី ជាប់រវល់ ទើបអនុញ្ញាតឱ្យលោកគឹម សំឡេង ព្រះរាជអាជ្ញារង ទៅពិនិត្យ។ ពេលនោះក៏មានការសម្របសម្រួលយកលុយចំនួន ៥០ម៉ឺនរៀល តែលុយនោះ ឈ្មោះគីម គឹមឡាយ មិនទាន់បានទទួលឡើយ ហើយក៏ឱ្យម្ចាស់រ៉ឺម៉កឈើ ឈ្មោះផង លៀង ដឹកឈើពីភូមិសាស្ត្រស្រុកឆែប និងស្រុកត្បែងមានជ័យ ចូលក្រុងព្រះវិហារ។ ចំពោះករណីបណ្តឹងទី២ ពាក់ព័ន្ធនឹងបទគំរាមកំហែងហែកកេរ្តិ៍ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

ក្រោយពីមានបណ្តឹងទាំង២ខាងលើ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសឈ្មោះគីម គឹមឡាយ យកមកធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES