Saturday, September 21, 2024
Homeព័ត៌មានជាតិក្មេងប្រុសលិចទឹកបាត់៤ថ្ងៃ អណ្តែតស្ពីង

ក្មេងប្រុសលិចទឹកបាត់៤ថ្ងៃ អណ្តែតស្ពីង

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ដែលលង់ទឹក លិចបាត់ខ្លួនក្នុងអូរព្រំដែន តាំងពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២  ទើបនឹងត្រូវបានប្រទះឃើញសាកសពអណ្តែតក្នុងសភាពហើមស្អុយ នៅចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

ករណីក្មេងប្រុសលង់ទឹកអូរព្រំដែន និងបាត់ខ្លួននេះ បានកើតឡើងតាំងពីវេលាម៉ោង ១និង១០នាទីសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ស្ថិតនៅខាងក្រោយផ្សារមង្គល ចម្ងាយជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ១រសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទើបសាកសពអណ្តែតឡើង នៅចំណុចភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពោលគឺមានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ពីទីតាំងកើតហេតុ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឡៃ ម៉េងស៊ឺ ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះលឿន ឡៃ ម្តាយឈ្មោះ ចិន សាវុន មានលំនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្មេងប្រុសរងគ្រោះឈ្មោះឡៃ ម៉េងស៊ឺ បានរអិលជើងធ្លាក់ចូលអូរព្រំដែន បាត់ខ្លួន នៅពេលដែលចេញទៅស្ទូចត្រី ជាមួយបងប្រុសរបស់គេ ដែលមានអាយុជាង១០ឆ្នាំ។ នៅពេលដែលបងប្រុសកំពុងស្ទូចត្រី នៅអូរព្រំដែន ជាមួយមិត្តភក្តិ៤ ទៅ៥នាក់ ស្រាប់តែប្អូនប្រុស (ក្មេងរងគ្រោះ) បានរអិលជើងធ្លាក់ចូលទឹកអូរ បាត់ខ្លួន ធ្វើឱ្យមានការផ្អើលឆោឡោដល់អ្នកជិតខាងជួយភ្លាមៗដែរ តែនៅមិនទាន់ ដោយក្មេងប្រុសរងគ្រោះ បានលិចចូលទឹក បាត់ខ្លួនទៅហើយ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានថា​ មានក្មេងប្រុសលង់ទឹកបាត់ខ្លួន កម្លាំងនគរបាលការពារព្រំដែនគោក កងរាជអាវុធហត្ថ កម្លាំងយោធា ដែលដឹកនាំដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រមាណ ៥០នាក់ បានចុះរុករកភ្លាមៗដែរ តែរកមិនឃើញ។ បន្ទាប់មក លោកអភិបាលក្រុង បានទំនាក់ទងទៅអាជ្ញាធរថៃជាប់ព្រំដែន ចាត់ក្រុមការងារមុជទឹកថៃ ចំនួន១៧នាក់ (ស្រី៤នាក់) បានចុះមកជួយរុករក ពីម៉ោង៨យប់ ដល់ម៉ោង៩យប់ (ថ្ងៃកើតហេតុ) តែរកមិនឃើញ ទើបត្រឡប់ទៅវិញ។ លុះដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមមុជទឹកថៃ បានមកម្តងទៀត និងបន្តរុករក តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៣រសៀល នៅតែរកមិនឃើញដដែល ។

ស្រាប់តែមកដល់វេលាម៉ោង ១រសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺរយៈពេល ៤ថ្ងៃក្រោយកើតហេតុ ទើបមានអ្នកស្រុកប្រទះឃើញសពក្មេងប្រុសរងគ្រោះបានអណ្តែតឡើង ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ ទើបដឹងថា ពិតជាសាកសពក្មេងប្រុសរងគ្រោះឈ្មោះ ឡៃ ម៉េងស៊ឺ ប្រាកដមែន ប៉ុន្តែសាកសពបានហើមនិងមានក្លិនស្អុយទៅហើយ។ សាកសពក្មេងប្រុសរងគ្រោះ បាន អណ្តែតទឹក នៅចំណុចទឹកធ្លាក់ផ្នែកខាងលើ ដែលមានចម្ងាយប្រមាណ ១ពាន់ម៉ែត្រ ពីចំណុចភូមិប៉ោយប៉ែត ពោលគឺហូរធ្លាក់ដល់ភូមិក្បាលកោះ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ទើបអណ្តែត។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES