Saturday, September 21, 2024
Homeព័ត៌មានជាតិបំបែកសំបុកក្រុមចោរប្លន់ម៉ូតូ

បំបែកសំបុកក្រុមចោរប្លន់ម៉ូតូ

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យជាចោរប្លន់យ៉ាងសកម្មនៅខេត្តកំពង់ឆ្នាំង ចំនួន៩នាក់ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវ ចាប់ខ្លួនបាន ជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូ របស់ប្រជាពលរដ្ឋនៅក្នុងក្រុង និងស្រុកចំនួន៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ជនសង្ស័យជាចោរប្លន់ទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបង្ហញមុខ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីត្រី ប៉ុល វុទ្ធី ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន នេះ មានចំនួន៩នាក់ រួមមាន ទី១-ឈ្មោះភឿន មិថុនា។ ទី២-ឈ្មោះស និមល។ ទី៣-ឈ្មោះណន ថាន។ ទី៤-ឈ្មោះងន សៀងលី។ ទី៥-ឈ្មោះប៊ន រស់។ ទី៦-ឈ្មោះរ៉េត ឡុង។ ទី៧-ឈ្មោះហូ អូន។ ទី៨-ឈ្មោះយ៉ាន ពិសី។ និងទី៩-ឈ្មោះ សាន់។ ជនសង្ស័យទាំង៩នាក់ មានលំនៅ ឃុំមានក ស្រុកសាមគ្គីមានជ័យ និងជាមុខសញ្ញាជិះម៉ូតូមកកៀរម៉ូតូជនរងគ្រោះ ឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ ដើម្បីយកមកម៉ូតូ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានឱ្យដឹងទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាព នៅតាមបណ្តាស្រុកចំនួន រួមមាន ស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់តាំងដើមខែកក្កដា រហូតដល់ចុងខែសីហា និងតែងតែធ្វើនៅពេលយប់ស្ងាត់ ពេលដែលប្រជាពលរដ្ឋជិះម៉ូតូម្នាក់ឯងតាមផ្លូវ បក្ខពួកក្រុមនេះតែងតែបាននាំគ្នាពួនស្ទាក់ ដេញកាប់ និងដេញ កៀរម៉ូតូផ្តួលម៉ូតូជនរងគ្រោះ រួចនាំគ្នាយកម៉ូតូគេចខ្លួនបាត់។

លោកស្នងការរង បញ្ផាក់ថា ថ្ងៃចុងក្រោយដែលក្រុមជនសង្ស័យបានធ្វើសកម្មភាព គឺបានកៀរម៉ូតូប្រជាពលរដ្ឋនៅភ្នំព្រះធាតុ ស្រុកសាមគ្គីមានជ័យ។ ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចេញ ប្រតិបត្តិចុះធ្វើការស្រាវជ្រាវតាមដាន រហូត ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់តែម្តង។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញ បន្តសាកសួរចម្លើយ មុននឹងរៀបចំកសាងសំណុំរឿង បញ្ផូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES