Saturday, September 21, 2024
Homeព័ត៌មានជាតិទាស់សម្តីក្នុងក្លឹប ស្ទាក់វ៉ៃរយះក្បាល

ទាស់សម្តីក្នុងក្លឹប ស្ទាក់វ៉ៃរយះក្បាល

ភ្នំពេញ ៖ យុវជនឈាមរាវចំនួន២ក្រុម បាននាំគ្នាចូលក្លឹបរាត្រីផឹកស៊ីរាំលេង រួចក៏កើតមានទំនាស់ពាក្យសម្តីនឹង គ្នាមួយ ប៉្រាវ តែមិន ឈានដល់ការផ្ទុះហិង្សានោះទេ គ្រាន់តែមានការគុំគួន ពួនស្ទាក់ចាំវាយគូទំនាស់ ក្រោយពេលចេញ ពីក្លឹប រហូត កើតជាការដេញវាយកាប់ចាក់គ្នា ផ្អើលពេញផ្លូវវេងស្រេង បណ្តាលឱ្យយុវជនម្នាក់រងរបួសរយះក្បាលហូរឈាម ស្រោចខ្លួន និងត្រូវបានមិត្តភក្តិដឹកបញ្ផូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ករណីក្មេងស្ទាវដេញកាប់ចាក់គ្នា ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចទល់មុខ មីត ណាយ ក្លឹប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ហៅវិថីចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីមិត្តភ័ក្តិរបស់ជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេបានបបួលគ្នា ជិះម៉ូតូចំនួន៤គ្រឿង មានគ្នាជិតដប់នាក់ ហើយបាននាំគ្នាចូលទៅផឹកស៊ីរាំលេងសប្បាយនៅក្នុងក្លឹបខាងលើ បន្ទាប់មកក៏ទាស់ពាក្យសំដីគ្នាជាមួយ ក្រុមក្មេងស្ទាវមួយក្រុមទៀត ដែលចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបនោះដែរ។

ប្រភពដដែលបន្តថា លុះក្រោយមក ពួកគាត់ក៏នាំគ្នាចេញពីក្នុងក្លឹប ហើយនាំគ្នាជិះម៉ូតូបំរុងត្រឡប់ទៅផ្ទះវិញ តែត្រូវបានខាង ជនសង្ស័យដែលមានគ្នាជាច្រើននាក់ បានយកដំបងមកដេញព្រួតវាយទៅលើពួកគាត់ បណ្តាលឱ្យដួលម៉ូតូ និងត្រូវរងរបួសស្រាលជាច្រើននាក់ ហើយក្នុងចំណោមនោះ មិត្តភក្តិរបស់គេម្នាក់បានរងរបួសធ្ងន់ ដោយត្រូវបែកក្បាលហូរឈាមស្រោចពេញខ្លួន។

ក្រុមភាគីយុវជនដែលរងរបួស បានអះអាងថា ក្នុងហេតុការណ៍នោះ ក៏មានទាំងសន្តិសុខប្រចាំការនៅក្នុងក្លឹប បានជួយព្រួតវាយក្រុម របស់ពួកគេដែលជាជនរងគ្រោះដែរ បន្ទាប់មកជនសង្ស័យ និងបក្សពួក បាននាំគ្នារត់ទៅក្នុងក្លិបវិញអស់ទៅ។ ចំណែកខាងពួកគេជាជនរងគ្រោះ ក៏បានដឹកមិត្តភក្តិរបស់ខ្លួន តាមម៉ូតូយកទៅព្យាបាលរបួស រួចក៏នាំគ្នាចេញទៅបាត់អស់ពីកន្លែងកើតហេតុ ដោយមិនឃើញទៅដាក់ពាក្យបណ្តឹង នោះឡើយ។

ជុំវិញករណីខាងលើនេះ ភាគីខាងជនរងគ្រោះអះអាងថា  មុនពេលកើតហេតុ ពួកគេបានទាស់ពាក្យសំដីគ្នានៅក្នុងក្លឹប លុះចេញវិញ ក៏ត្រូវភាគីម្ខាងទៀតព្រួតវាយតែម្តង។ ប៉ុន្តែភាគីទំនាស់វិញ បានអះអាងថា ក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូមកវាយក្រុមពួកគេដល់ក្លឹប ទើបពួកគេវាយបកទៅវិញ។

ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ តែភាគីទាំងសងខាងបានចែកផ្លូវគ្នាទៅអស់ហើយ ទើបសមត្ថកិច្ចបានត្រឡប់ទៅគោលដៅវិញអស់ទៅ។/

RELATED ARTICLES