Saturday, September 21, 2024
Homeព័ត៌មានជាតិបាត់ប្តី១ឆ្នាំ ប្រពន្ធរកឃើញសល់តែឆ្អឹង

បាត់ប្តី១ឆ្នាំ ប្រពន្ធរកឃើញសល់តែឆ្អឹង

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ប្តីរបស់ខ្លួន បានបាត់ខ្លួនអស់រយៈពេលជាង១ឆ្នាំមកហើយ គ្មានដំណឹងសោះ ទោះជា នាងខំតាមរក គ្រប់ច្រកល្ហកយ៉ាងណា ក៏មិនឃេញិសោះ ស្រាប់តែចុងក្រោយ ក៏ទទួលបានដំណឹងថា មានគេប្រទះ ឃើញ សាកសពបុរសម្នាក់ស្លាប់នៅក្នុងព្រៃ ដីឡូតិ៍មួយកន្លែង ស្ថិតក្នុងស្ថានភាពរលេះរលួយនៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ទើប នឹកសង្ស័យ ក៏ប្រញាប់ទៅមើល ទើបដឹងថា ពិតជាសពរបស់ ប្តីខ្លួនដែលបាត់អស់រយៈពេល១ឆ្នាំមែន ដោយសម្គាល់លើ ភិនភាគ សម្លៀកបំពាក់ដែលប្តីស្លៀកនៅថ្ងៃបាត់ខ្លួន។

ហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសពខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចព្រៃដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីស្ត្រីឈ្មោះសេក ស៊ីថា អាយុ៣៨ឆ្នាំ បានអះអាងថា សាកសពដែលសល់តែគ្រោងឆ្អឹងនេះ គឺពិតជាប្តីរបស់នាងមែន គឺឈ្មោះ ទេព ភាព អាយុ៣៧ឆ្នាំ មុខរបររើសអេតចាយ។ ពួកនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធ និងមានកូនប្រុសស្រី២នាក់ជាចំណងនិស្ស័យ និងមានលំនៅ ឯភូមិដកព ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង តែបានមកស្នាក់នៅធ្វើការរកស៊ីនៅផ្ទះជួល ក្នុងភូមិឃុំកើតហេតុខាងលើ។

ស្ត្រីខាងលើ បានបន្តរៀបរាប់ថា កាលពីអំឡុងមុនពេលផ្ទុះជម្ងឺកូវីដ-១៩ ប្តីរបស់នាងមានមុខរបរជាអ្នករត់តុនៅហាងផឹកស៊ីមួយកន្លែង យីហោ លីគា ប៉ុន្តែនៅអំឡុងពេលជម្ងឺកូវីដផ្ទុះឡើង ហាងបានផ្អាកដំណើរការ ធ្វើឱ្យប្តីនាងអត់ការងារធ្វើគ្មានប្រាក់ចាយវាយឡើយ។ បន្ទាប់មក ប្តីនាងបានសម្រេចចិត្តដើររើសអេតចាយ គ្រាន់បានប្រាក់ចិញ្ចឹមជីវិតនិងគ្រួសារ ហើយប្តីនាងតែងចេញពីផ្ទះនៅពេលព្រឹក និងចូលផ្ទះវិញនៅវេលា ល្ងាច ពុំដែលខកខានឡើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តទៀតថា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រាប់តែបាត់ខ្លួនប្តីរហូតមិនឃើញត្រឡប់មកផ្ទះវិញទេ ពេលនោះនាងបានដើររកគ្រប់ច្រកល្ហកដែរ ប៉ុន្តែពុំបានឃើញ ឬទទួលដំណឹងអ្វីសោះ។ ទោះបីជាគ្មានសង្ឃឹមថានិងអាចរកប្តីឃើញក៏ដោយ ក៏នាង នៅតែព្យាយាមតាមរករហូតមិនបោះបង់ចោលទេ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នាងបានទទួលដំណឹងថា មានគេប្រទះ ឃើញសាកសពបុរសម្នាក់ស្លាប់រលួយសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ទើបនាងនឹកសង្ស័យ ក៏ប្រញាប់នាំកូនស្រី និងបងប្អូនទៅមើល លុះទៅដល់ពិនិត្យ មើល ទើបនាងស្គាល់ថាជាប្តីមែន ដោយចំណាំតា់មរយៈភិនភាគខោអាវ ដែលគាត់ស្លៀកកាលពីថ្ងៃបាត់ខ្លួនតាំងពី១ឆ្នាំមុន។

ក្រោយពីចំណាំ និងអះអាងថា គ្រោងឆ្អឹងសាកសពខាងលើ គឺជាសាកសពប្តីរបស់ខ្លួនរួចមក ស្ត្រីជាប្រពន្ធក៏បាននិមន្តព្រះសង្ឃ និងអញ្ជើញលោកតាអាចារ្យនៅវត្តតាំងកសាងខាងត្បូង មកជួយធ្វើកិច្ចបង្សុកូលបូជាគ្រោងឆ្អឹងនោះ តាមប្រពៃណីតែម្តង។

តាមប្រភពពី មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ បានបញ្ផាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ម្ចាស់ដីឡូតិ៍ខាងលើបាន ប្រើកូនចៅឱ្យកាប់ឆ្ការព្រៃនៅក្នុងដីឡូតិ៍របស់ខ្លួន ហើយក៏ស្រាប់តែប្រទះឃើញសាកសពបុរសរងគ្រោះខាងលើស្លាប់ រលេះរលួយសាច់អស់ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ បន្ទាប់មកម្ចាស់ដីឡូតិ៍ ក៏បានរាយការណ៍ជូនឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទៅពិនិត្យ និងរាយ ការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច្ច័យ។

យោងតាមលទ្ធផលនៃការធ្វើកោសល្យវិច័យលើសាកសព គឺជនរងគ្រោះរូបនេះស្លាប់ដោយជម្ងឺខ្យល់គរ។ បន្ទាប់ពីសមត្ថកិច្ចជំនាញ ពិនិត្យរួចរាល់ សាកសពត្រូវបានតម្កល់ទុកនៅកន្លែងកើតហេតុ រួចធ្វើការស្រាវជ្រាវរកសាច់ញាតិ។ រហូតដល់វេលាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបស្ត្រីខាងលើ រួមទាំងសាច់ញាតិបានមកពិនិត្យមើល និងអះអាងថា គឺជាសាកសពប្តីរបស់ខ្លួន ទើបសមត្ថកិច្ចប្រគល់គ្រោងឆ្អឹង សពនោះ ទៅឱ្យស្ត្រីខាងលើ ដើម្បិរៀបចំធ្វើបុណ្យបូជាតាមប្រពៃណីតែម្តង។/

RELATED ARTICLES