Saturday, September 21, 2024
Homeព័ត៌មានជាតិលោតទឹកស្ពាន៣ថ្ងៃ អណ្តែតស្ពីង

លោតទឹកស្ពាន៣ថ្ងៃ អណ្តែតស្ពីង

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ដែលត្រូវបានអះអាងថា បានឡើងទៅលោតពីលើស្ពានជ្រោយចង្វា កាលពីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាប បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ស្រង់ឡើងយកមកត្រួតពិនិត្យ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សាកសព ជាជនជាតិចិន ត្រូវបានគេស្គាល់តាមរយៈប័ណ្ណសម្គាល់ខ្លួន ឈ្មោះ TSAI YAO TENG ភេទប្រុស អាយុ៤៨ឆ្នាំ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ជនជាតិចិន រូបនេះ​ស្នាក់នៅឯណា និងប្រកបមុខរបរអ្វីនោះឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា សពបុរសជនជាតិចិន​ខាងលើ ត្រូវបានអ្នកនេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប តាំងពីវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ហើយសពចេះតែរសាត់តាមខ្យល់ និងខ្សែទឹកហូរចូលខាងនៅសង្កាត់ ជ្រោ់យចង្វា។ លុះនៅវេលាព្រឹកឡើង សពបុរសរងគ្រោះ បានរសាត់ចូលខាង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចាត់ចែងជួលគេអូសឡើងច្រាំង ដើម្បីទុកឱ្យសមត្ថកិច្ចជំនាញ ចុះទៅត្រួតពិនិត្យ។

នៅជាប់ខ្លួនសពជនរងគ្រោះ សមត្ថកិច្ចបានរកឃើញមានប័ណ្ណសម្គាល់ខ្លួនជាច្រើន ដែលបានបញ្ជាក់ថា សពបុរសរូបនោះ គឺជាជនជាតិចិន។

ក្រោយពីធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សពបុរសជនជាតិចិន បានស្លាប់ដោយសារតែលង់ទឹក និងសង្ស័យថា សពជនជាតិចិន នេះ បានលោតពីលើស្ពានជ្រោយចង្វា កាលពី៣ថ្ងៃមុន បន្សល់ទុកតែស្បែកជើង នៅលើស្ពាន។

គួររំលឹកថា  កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ មានបុរសម្នាក់ បានមកលើលោតពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកស្បែកជើងមួយគូនៅលើស្ពាន។ បន្ទាប់ពីលោតទឹក បុរសនោះ បានលិចបាត់ទៅក្នុងទន្លេ។ លុះរំលង ៣យប់ សពបុរសរូបនោះ ក៏បានអណ្តែតឡើង ហើយត្រូវបានសមត្ថកិច្ចស្រង់មកត្រួតពិនិត្យ ដោយពុំដឹងច្បាស់ថា បុរសរូបនោះមានវិបត្តិអ្វីនោះទេ បានជាគិតខ្លីបែបនេះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ មកទទួល និងចាត់ចែងបន្ត៕

RELATED ARTICLES