Saturday, September 21, 2024
Homeព័ត៌មានជាតិចាប់រំលោភកូនក្រមុំគេ ម៉ែមកទាន់ លើកខោរត់

ចាប់រំលោភកូនក្រមុំគេ ម៉ែមកទាន់ លើកខោរត់

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ឃើញក្រមុំម្នាក់ នៅចាំផ្ទះតែម្នាក់ឯង ក៏បែកគំនិតលបចូលទៅចាប់ឱបថើប សម្រាតខោអាវចេញអស់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ ស្រាប់តែត្រូវម្តាយនារីរងគ្រោះ មកទាន់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ លើកខោរត់គេចខ្លួន បានជាង ៥ម៉ោង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់អូសក នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងក្រុមទី១១ ភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន។ រហូតមកដល់វេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃដដែល ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យល្មោភកាមបាន នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ូយ បារាំង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកនារីរងគ្រោះ មានឈ្មោះ ធ.ម អាយុ២៦ឆ្នាំ ជាជនវិបល្លាសស្មារតី (មានសតិមិនគ្រប់) មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់នារីរងគ្រោះខាងលើ ដែលបានប្តឹងទៅលើឈ្មោះម៉ូយ បារាំង ថាបានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ ដល់លើផ្ទះ នៅគ្រាដែលរូបគាត់ជាម្តាយមិននៅ។

ស្ត្រីជាម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ គាត់បានចេញទៅផ្សារ ដោយទុកឱ្យកូនស្រី ជាមនុស្សសតិមិនគ្រប់ (នារីរងគ្រោះ) នៅចាំផ្ទះ តែម្នាក់ឯងដូចសព្វដង។ ស្រាប់តែមកដល់វេលាម៉ោងប្រមាណ ៧និង៣០នាទីព្រឹក ថ្ងៃដដែល ក៏លេចមុខជនសង្ស័យឈ្មោះម៉ូយ បារាំង ដែលជាអ្នកភូមិជាមួយគ្នា បានលបចូលមកក្នុងផ្ទះរបស់គាត់ រួចធ្វើសកម្មភាពចាប់ឱបថើប និងសម្រាតខោអាវកូនស្រីរបស់គាត់ចេញ ប៉ុនប៉ងរំលោភសេពសន្ថវៈទាំងកំរោល តែគាប់ជួនគាត់ត្រឡប់មកផ្ទះវិញ ប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ លើកខោរត់គេចខ្លួនបាត់ភ្លាមៗតែម្តង។

ស្ត្រីជាម្តាយនារីរងគ្រោះ បន្តថា ក្រោយកើតហេតុ គាត់បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យខាងលើ នាំយកមកចាត់ការតាមច្បាប់។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងជំនាញស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសន្តិភាព បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះម៉ូយ បារាំង បាននៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃដដែល រួចនាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះខាងលើ ប្រាកដមែន ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES