Saturday, September 21, 2024
Homeព័ត៌មានជាតិសិស្សយំរវើរវាយថាខ្មោចចូល ដួលសន្លប់ក្នុងថ្នាក់រៀន ១០នាក់

សិស្សយំរវើរវាយថាខ្មោចចូល ដួលសន្លប់ក្នុងថ្នាក់រៀន ១០នាក់

ខេត្តស្ទឹងត្រែង ៖ សិស្សានុសិស្សអនុវិទ្យាល័យសេសាន ប្រមាណ១០នាក់ ខណៈកំពុងអង្គុយរៀននៅក្នុងថ្នាក់សុខៗ ស្រាប់តែខ្លះបានកើតអាការទន់ដៃទន់ជើង ដួលសន្លប់ ខ្លះទៀតស្រែកយំរវើរវាយ ថាមានខ្មោច មកយក ធ្វើឱ្យកើត មានការផ្អើលឆោឡោពេញសាលា ដឹកបញ្ជូនទៅពេទ្យខ្លះ តែខ្លះទៀតត្រូវឪពុកម្តាយដឹកទៅរកគ្រូខ្មែរ ឬព្រះសង្ឃ ដើម្បីប្រោះព្រំ ដោយមានជំនឿថាកូនរបស់ខ្លួន ត្រូវខ្មោចចូល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន។

ក្រុមសិស្សដែលកើតអាការដួលសន្លប់ ខ្លះស្រែកយំ រវើរវាយខ្លះខាងលើនេះ មានចំនួន១០នាក់ ជាសិស្សរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យ សេសាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលសិស្សានុសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសេសាន កំពុងតែអង្គុយរៀននៅក្នុងថ្នាក់សុខៗ ស្រាប់តែមានសិស្សខ្លះបានដួលសន្លប់ ខ្លះទៀតទន់ដៃទន់ជើង ពិបាកដកដង្ហើម និងខ្លះទៀតបានស្រែកយំរវើរវាយថា មានខ្មោច មកយកៗ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ សិស្សចំនួន១០នាក់ ត្រូវបានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀនជាមួយគ្នា នាំគ្នាបញ្ជូនទៅកាន់មណ្ឌលសុខភាព ពិនិត្យឈាម ជាតិស្ករ និងដាក់អុកស៊ីហ្សែន ប៉ុន្តែនៅតែមានសិស្សខ្លះចេះតែបន្តស្រែកទាំងរវើរវាយថា ខ្មោចមកយក ហើយៗ។ ដោយសារតែឃើញស្ថានភាពបែបនេះ ទើបលោកគ្រូអ្នកគ្រូ បានផ្តល់ដំណឹងដល់ក្រុមគ្រួសារ ឪពុកម្តាយ ចុះមកមើលកូនៗរបស់ខ្លួនដល់មណ្ឌលសុខភាព។

ក្រោយមក  សិស្សខ្លះដែលមិនមានសភាពរវើរវាយ ត្រូវបានឪពុកម្តាយទុកឱ្យបន្តសម្រាកព្យាបាលនៅមណ្ឌលសុខភាពដដែល ចំណែកសិស្សខ្លះទៀត ដែលមានសភាពរវើរវាយ ស្រែកយំថាមានខ្មោចមកយកនោះ ត្រូវបានឪពុកម្តាយ នាំទៅរកគ្រូខ្មែរ និងដឹកទៅកាន់វត្តកំភុន ដើម្បីឱ្យព្រះសង្ឃធ្វើការប្រោះព្រំ​ បណ្តេញគ្រោះចង្រៃ ដោយសង្ស័យថា កូនៗរបស់ខ្លួន ត្រូវខ្មោចចូល។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ គ្រូពេទ្យមណ្ឌលសុខភាពស្រុកសេសាន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្ទឹងតែង បានចុះទៅពិនិត្យដល់ទីតាំងសាលាផងដែរ ដើម្បីឱ្យដឹងថា តើមានមូលហេតុអ្វីឱ្យពិតប្រាកដ៕

RELATED ARTICLES