Saturday, September 21, 2024
Homeព័ត៌មានជាតិប្តីខ្សែភ្លើងឆក់ ប្រពន្ធដឹកទៅពេទ្យ ស្លាប់

ប្តីខ្សែភ្លើងឆក់ ប្រពន្ធដឹកទៅពេទ្យ ស្លាប់

ភ្នំពេញ ៈ បុរសជាអ្នកបើកបររថយន្តដឹកថ្មម្នាក់ បានបើករថយន្តដឹកថ្ម ទៅចាក់នៅទីតាំងមួយ ដោយនាំទាំងប្រពន្ធរបស់ខ្លួន ទៅជាមួយផង លុះក្រោយមក បានឈប់រថយន្តចូលទៅហូបបាយទឹកសិន លុះចេញមកវិញ ឃើញខ្សែភ្លើងធ្លាក់មកលើកញ្ចក់រថយន្តរបស់ខ្លួន ក៏ដើរទៅ ទាញចេញ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ ដួលសន្លប់ ធ្វើឱ្យស្ត្រីជាប្រពន្ធស្រែកឆោឡោហៅគេជួយដឹកបញ្ជូនប្តី ទៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល បុរសជាប្តីបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចច្រកចូលការដ្ឋានមូបខ្សាច់មួយកន្លែង ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះ មានឈ្មោះមួន វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកថ្ម មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមសម្តីស្ត្រីឈ្មោះទីង សុខនីន អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់នាង និងនាង បានបើករថយន្តដឹកថ្ម មកចតនៅច្រកផ្លូវចូលការដ្ឋានបូមខ្សាច់ មួយកន្លែង នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីរង់ចាំចាក់ថ្ម។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះដល់វេលាម៉ោង ១១ព្រឹក ថ្ងៃដដែល នាងនិងប្តី បានចុះពីលើរថយន្ត ទៅហូបអីនៅក្បែរនោះ រហូតដល់ម៉ោង ៣និង៤០នាទីរសៀល ថ្ងៃដដែល ទើបនាំគ្នាដើរត្រឡប់មករថយន្តវិញ លុះពេលមកដល់ ក៏ឃើញខ្សែភ្លើងដែលបន្លាយចេញពីបង្គោល ភ្លើង ចូលទៅក្នុងការដ្ឋាននោះ បានធ្លាក់មកលើកញ្ចក់ទ្វាររថយន្តខាងស្តាំ ទើបប្តីរបស់នាង បានទៅលើកខ្សែភ្លើងចេញពីកញ្ចក់ទ្វាររថយន្ត ស្រាប់តែរំពេចនោះ ត្រូវខ្សែភ្លើងឆក់ ដួលទៅលើដី ធ្វើឱ្យនាងស្រែកហៅគេឱ្យជួយ រួចប្រញាប់ដឹកប្តី ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ប្តីរបស់នាងបានស្លាប់បាត់ទៅហើយ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចរន្តអគ្គិសនីឆក់ ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES