Saturday, September 21, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនស្ត្រីថៅកែឡេ បរិហារកេរ្តិ៍តំណាងចែកចាយ

ឃាត់ខ្លួនស្ត្រីថៅកែឡេ បរិហារកេរ្តិ៍តំណាងចែកចាយ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ជាអគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបណ្តឹងរបស់អតីត តំណាងចែក ចាយផលិតផលរបស់ខ្លួន ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង។

ស្ត្រីដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd។ ការឃាត់ ខ្លួនធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង រាជធា នីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនស្ត្រីខាងលើ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

តាមប្រភពពីសមត្ថកិច្ច ដែលស្រង់សម្តីរបស់ភាគីដើមបណ្តឹង បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៩ ខ្លួន (ភាគីដើមបណ្តឹង) បានធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ដោយកាត់ស្តុកម្តងៗ តម្លៃ៥ម៉ឺនដុល្លារ។ ក្រោយមក នៅអំឡុងឆ្នាំ២០២១ ឈ្មោះម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd បានចោទប្រកាន់មកលើខ្លួនជាដើមបណ្តឹងថា បានលួចផលិតផលនៅក្នុងគ្រុបបោះដុំ និងលក់ខុសតម្លៃ។

ពេលនោះ ដើមបណ្តឹង និងឈ្មោះម៉ៅ លឹមហ៊ន់ បានចរចាគ្នាចុះកិច្ចព្រមព្រៀងបញ្ចប់វិវាទ ដោយអនុញ្ញាតឱ្យដើមបណ្តឹង មានសិទ្ធិលក់ផលិតផលដែលនៅសល់ រហូតដល់អស់ពីស្តុក ដោយមិនប្រើប្រាស់គណនីហ្វេសប៊ុក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន។

ចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនោះមក ដើមបណ្តឹង មិនដែលបានធ្វើខុសពីកិច្ចសន្យានោះទេ និងពុំដែលបានពាក់ព័ន្ធនឹងឈ្មោះម៉ៅ លឹមហ៊ន់ ផងដែរ ស្រាប់តែនៅថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឈ្មោះម៉ៅ លឹមហ៊ន់ បានផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ដោយបង្ហោះរូបភាពរបស់ដើមបណ្តឹង ជាសាធារណៈ និងផ្សព្វផ្សាយកុំឱ្យអតិថិជនទិញផលិតផលពីដើមបណ្តឹង ព្រមទាំងចោទប្រកាន់ដើមបណ្តឹងថា បានលក់ផលិតផលក្លែងក្លាយ មិនស្របច្បាប់ លួចលក់ផលិតផលរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ថែមទៀតផង។

ការចោទប្រកាន់ និងផ្សព្វផ្សាយពីសំណាក់ស្ត្រីឈ្មោះម៉ៅ លឹមហ៊ន់ បានធ្វើឱ្យប៉ះបាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខរបររបស់ដើមបណ្តឹងធ្ងន់ធ្ងរ ទើបដើមបណ្តឹង សម្រេចដាក់ពាក្យប្តឹងឈ្មោះម៉ៅ លឹម ហ៊ន់ ទៅកាន់តុលាការ ដើម្បីឱ្យជួយរកយុត្តិធម៌តែម្តង៕

RELATED ARTICLES