Saturday, September 21, 2024
Homeព័ត៌មានជាតិខឹងរកប្រពន្ធមិនឃើញ វ៉ៃឡានគេខ្ទេច

ខឹងរកប្រពន្ធមិនឃើញ វ៉ៃឡានគេខ្ទេច

ខេត្តសៀមរាប ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានតាមទៅរកប្រពន្ធកូនរបស់ខ្លួន ដែលបានទៅស្នាក់នៅផ្ទះបងស្រី បណ្តោះអាសន្ន លុះទៅដល់ បងស្រីបានរារាំងឃាត់មិនឱ្យជួបប្រពន្ធកូន ខ្លាចកើតមានអំពើហិង្សា (វាយប្រពន្ធកូន) ស្រាប់តែបុរសជាប្អូន ផ្ទុះកំហឹង ស្ទុះទាញចបកាប់ វាយកម្ទេចរថយន្តគេ ១គ្រឿង ដែលចតចោលមុខផ្ទះ បណ្តាលឱ្យរងការខូចខាត ខ្ទេចកញ្ចក់មុខក្រោយ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លុះព្រឹកឡើងថ្ងៃដដែល  សមត្ថកិច្ចបានចុះឃាត់ខ្លួនជនបង្កហេតុ ទៅសាកសួរ។

ជនសង្ស័យដែលវាយកម្ទេចរថយន្តគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទេព សង់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះគីរី សុវណ្ណៈ មានលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប សព្វថ្ងៃចេញទៅរកស៊ីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រីឯរថយន្តដែលរងការខូចខាត ម៉ាក Kia Visto ពណ៌ស ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ សៀមរាប 2B-4342 (រងការខូចខាតបែកខ្ទេចកញ្ចក់មុខក្រោយ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុំចបរិវេណផ្ទះជនរងគ្រោះឈ្មោះគីរី សុវណ្ណៈ ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីធ្វើឱ្យខូចខាតដោយចេតនា (កាប់រថយន្តដោយចប) បង្កឡើងដោយឈ្មោះទេព សង់ បានយកចបដងវែង កាប់ជាច្រើនកន្លែងទៅលើរថយន្តម៉ាក Kia Visto ពណ៌ស ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ សៀមរាប 2B-4342 បណ្តាលឱ្យបែកកញ្ចក់ក្រោយ មួយផ្ទាំង ស្តុបឆ្វេងទាំងសងខាង កញ្ចក់ទ្វារខាងឆ្វេងមុខ ក្រោយ២ផ្ទាំង កញ្ចក់មុខមួយផ្ទាំង ដំបូលម៉ាស៊ីន ១ផ្ទាំង គឺខូចខាតទាំងស្រុង ខណៈម្ចាស់រថយន្តបានចតនៅទុកផ្ទះ សម្រាប់ឱ្យក្មួយជូនកូនទៅសាលា ដែលជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ជាប់រវល់ទៅរកស៊ីនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកចបដងវែង កាប់ទៅលើរថយន្តនោះមែន មូលហេតុផឹកស្រាស្រវឹង ខឹងបងស្រីឈ្មោះទេព ស្រីទូច លាក់បាំងប្រពន្ធកូន មិនឱ្យជួបខ្លួន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES