Saturday, September 21, 2024
Homeព័ត៌មានជាតិសិស្សទៅរៀនគួរ ប្រុសចាប់រំលោភ ច្របាច់កសម្លាប់ ហៅម៉ែមកយកសព

សិស្សទៅរៀនគួរ ប្រុសចាប់រំលោភ ច្របាច់កសម្លាប់ ហៅម៉ែមកយកសព

ខេត្តកំពង់ចាម ៖ យុវតីម្នាក់ បានចេញធ្វើដំណើរចេញពីផ្ទះ ទៅរៀនគួរ ដូចសព្វដង លុះដល់ល្ងាច មិនឃើញវិលត្រឡប់ មកផ្ទះវិញ ទើបស្ត្រីជាម្តាយបានទូរស័ព្ទទៅសួរកូនស្រី តែបែរជនសង្ស័យជាអ្នកលើក រួចប្រាប់ឱ្យមកយកសពកូនស្រីនៅ កន្លែងកើតហេតុ ទើបឪពុកម្តាយប្រញាប់ទៅដល់ទីតាំងដែលជនសង្ស័យប្រាប់នោះភ្លាមៗ ក៏ប្រទះឃើញកូនស្រីរបស់ខ្លួន បានដេកស្លាប់យ៉ាងអាណោចអាធ័ម។ លុះសមត្ថកិច្ចជំនាញចុះមកពិនិត្យ បញ្ជាក់ថា យុវតីរងគ្រោះ បានស្លាប់ដោយសារ ការចាប់រំលោភសេពសន្ថវ: រួចច្របាច់កសម្លាប់។

ករណីរំលោភសម្លាប់យ៉ាងឃោរឃៅលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងក្រោយវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ចម្ងាយប្រហែល ៣០០ម៉ែត្រ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។

យុវតីរងគ្រោះដែលត្រូវជនមិនស្គាល់មុខចាប់រំលោភ រួចច្របាច់កសម្លាប់យ៉ាងព្រៃផ្សៃនោះ មានឈ្មោះ ស.ស.ជ អាយុ២០ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលហាន់ជ័យ បានទទួលព័ត៌មានពីឈ្មោះម៉េន ស្តើង អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះហែម គី អាយុ៥៥ឆ្នាំ មានលំនៅ ភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានផ្តលព័ត៌មានមកសមត្ថកិច្ចថា កូនស្រីរបស់ពួកគាត់ ត្រូវបានជនមិនស្គាល់មុខសម្លាប់ នៅត្រង់ចំណុចក្រោយវត្តភ្នំហាន់ជ័យ។

យោងតាមសម្តីរបស់ឪពុកម្តាយយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅរៀនគួរ ដូចសព្វដង រហូតមកដល់វេលាម៉ោង ៥និង៣០នាទី ថ្ងៃដដែល ដោយបាត់មិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ ទើបគាត់ជាម្តាយ បានទូរស័ព្ទទៅរកកូនស្រី ភ្លាមនោះ ពួកគាត់ក៏បានឮសូរសំឡេងមនុស្សប្រុស ជាអ្នកលើកទូរស័ព្ទ រួចនិយាយថា ឱ្យមកយកសពកូនស្រីរបស់គាត់ នៅខាងក្រោយវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ចម្ងាយប្រហែល៣០០ម៉ែត្រ បត់ស្តាំ នឹងឃើញសពហើយ។

ប្រភពដដែល បន្តថា ក្រោយពីនិយាយចប់ មនុស្សប្រុសនោះក៏បិទទូរស័ព្ទទៅ ហើយពួកគាត់និងក្រុមគ្រួសារ ព្រមទាំងបងប្អូន សាច់ញាតិ ក៏ប្រញាប់មកកាន់ទីតាំងកើតហេតុខាងលើ (តាមដែលមនុស្សប្រុសនោះប្រាប់តាមទូរស័ព្ទ) រហូតដល់ម៉ោងប្រមាណ ៨យប់ ថ្ងៃដដែល ស្រាប់តែឃើញសពកូនស្រីរបស់ខ្លួន ដេកស្លាប់នៅក្នុងរណ្តៅដី ស្ថិតនៅក្រោយវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម នោះតែម្តង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ណា ឌីណា នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវរសេនីយ៍ទោ ថូ ឡង់ឌី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព។

តាមលទ្ធផលពិនិត្យទីតាំងកើតហេតុ ឃើញថា សពក្មេងស្រីរងគ្រោះ ត្រូវបានលើកស្រង់ចេញពីក្នុងទឹករណ្តៅដី ដែលមានជម្រៅប្រមាណ ១ម៉ែត្រកន្លះ ដោយទីតាំងកើតហេតុ មានចម្ងាយពីផ្លូវថ្នល់កៅស៊ូ បត់ស្តាំទៅទិសខាងជើង មានចម្ងាយប្រមាណ១១០ម៉ែត្រ។ ចំណែកវាលស្មៅនៅទិសខាងលិចឆៀងខាងត្បូងនៃសព មានស្លាកស្នាមទ្រុឌ ទក់ៗ ហើយមានបន្សល់ទុកនូវលោហធាតុពណ៌លឿង ចំនួន១ខ្សែ សៀវភៅសរសេរ ចំនួន៣ក្បាល ប៊ិក ១ដើម ឌុយសាកថ្មទូរស័ព្ទ ចំនួន ១ និងគ្រឿង Make up (គ្រឿងតែងមុខរបស់ មនុស្សស្រី) មួយចំនួន និងម៉ាស់ពណ៌ស ចំនួន១។

ដោយឡែក លទ្ធផលធ្វើកោសល្យវិច័យសព បញ្ជាក់ថា នៅលើសព ផ្នែក (ក) មានស្លាកស្នាមជាំ រលាត់ ចំណែកនៅលើប្រដាប់ភេទ គឺពិនិត្យឃើញមានទឹកកាម បញ្ជាក់ពីការរួមភេទ។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច ករណីនេះ គឺជាករណីរំលោភសម្លាប់ ដោយជនសង្ស័យធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរួច ច្របាច់កសម្លាប់ជនរងគ្រោះ រួចយកទៅទម្លាក់ចូលក្នុងរណ្តៅដីដែលមានទឹក នៅទិសខាងកើត ឆៀងខាងជើង ចម្ងាយប្រមាណ ៨ម៉ែត្រ ពីទីតាំងដែលមានបន្សល់ស្លាកស្នាមទក់ៗ។ ដោយឡែកជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ មិនទាន់កំណត់មុខសញ្ញាបាននៅឡើយ។

ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីឈានដល់ការចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់។

សពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES