Saturday, September 21, 2024
Homeព័ត៌មានជាតិបាញ់សម្លាប់គូដណ្តឹង ចាប់បាននៅប្រទេសថៃ

បាញ់សម្លាប់គូដណ្តឹង ចាប់បាននៅប្រទេសថៃ

ចន្ទបុរី (ថៃ) ៖ ករណីឃាតកម្មដ៏សាហាឃោរឃៅ ដែលជនសង្ស័យជាទាហាន បាញ់សម្លាប់នារីរូបស្រស់ ជានិស្សិតពេទ្យ ត្រូវជាគូដណ្តឹង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នោះ ជនសង្ស័យជាឃាតករ បន្ទាប់ពីបានរត់គេចខ្លួនអស់ជាង ២ឆ្នាំ ឆ្លងប្រទេស ទៅលាក់ខ្លួននៅប្រទេសថៃ ក៏ទីបំផុតឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចថៃ សហការជាមួយសមត្ថកិច្ច កម្ពុជា ចាប់ខ្លួនបាននៅវេលាម៉ោង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងខេត្តចន្ទបុរី ប្រទេសថៃ។

ជនត្រូវចោទជាឃាតករ ដែលបាញ់សម្លាប់គូដណ្តឹងយ៉ាងឃោរឃៅនោះ មានឈ្មោះយឺន វ៉ាន់ដេត អាយុ ២៦ឆ្នាំ មុខរបរជាអតីតយោធិន នៅកងពល ង៧០ ។ ចំណែកនារីរងគ្រោះ ជាគូដណ្តឹង មានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងជាអ្នកលក់គ្រឿងសម្អាងអនឡាញ ស្នាក់នៅផ្ទះលេខ H-03 ក្នុងបុរីរំចេក អូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមប្រភពបណ្តាញព័ត៌មានថៃ «ថៃរ៉ាត់» បានឲ្យដឹងថា នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចថៃ​ បានចាប់ឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ យឺន វ៉ាន់ដេត អាយុ​២៨ឆ្នាំ ជនជាតិខ្មែរ ដែលបានគេចខ្លួនពីប្រទេសកម្ពុជា ទៅលាក់ខ្លួនដោយខុសច្បាប់ ក្នុងប្រទេសថៃ នៅចំណុច ភូមិ៧ តំបន់ថាឆាង ខេត្តចន្ទបុរី តាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ ៤១៨ ២០២០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ឃាតកម្ម» ប្រព្រឹត្តនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខ H-03 ក្នុងបុរីរំចេក អូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពដដែល ឲ្យដឹងបន្តថា ជនត្រូវចោទ ឈ្មោះយឺន វ៉ាន់ដេត បានសារភាពថា ខ្លួនបានលបចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ តាំងពីខែតុលា ឆ្នាំ២០២២ ។ ចំណែកពាក់ព័ន្ធរឿងក្តីនៅក្នុងប្រទេសកម្ពុជា ជនត្រូវចោទបានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនមានជម្លោះពាក្យសម្តីជាមួយនារីរងគ្រោះជាគូដណ្តឹង ដោយសារគូដណ្តឹងប្រចណ្ឌខ្លួនពាក់ព័ន្ធនឹងអ្នកទី៣ ហើយនារីរងគ្រោះបានមកប្រតាយប្រតប់ ទើបធ្វើឲ្យខ្លួនផ្ទុះកំហឹង ក៏ដកកាំភ្លើងខ្លី បាញ់សម្លាប់នារីរងគ្រោះតែម្តង។

ប្រភពដដែល បន្តទៀតថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចថៃ បាននាំខ្លួនជនត្រូវចោទខាងលើ បញ្ជូនទៅភ្នាក់ងារស៊ើបអង្កេត តម្រួតខេត្តចន្ទបុរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ថៃ និងទាក់ទងមកសមត្ថកិច្ចកម្ពុជា ដើម្បីប្រគល់ខ្លួនជនត្រូវចោទ ត្រឡប់មកប្រទេសកម្ពុជា ដើម្បីចាត់ការតាមនីតិវិធីនៅកម្ពុជា។  

គួររំលឹកថា កាលពីល្ងាចថ្ងៃថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះលេខ H-03 ក្នុងបុរីរំចេក អូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយនារីរងគ្រោះ រូបស្រស់ស្អាតផូរផង់ ឈ្មោះជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងជាអ្នកលក់គ្រឿងសម្អាងអនឡាញ ត្រូវបានបុរសជាគូដណ្តឹង ឈ្មោះយឺន វ៉ាន់ដេត អាយុ២៦ ឆ្នាំ មុខរបរយោធិន នៅកងពល ង៧០ ទាញកាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។ ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។

បន្ទាប់ពីបាញ់សម្លាប់នារីជាគូដណ្តឹងរួច ជនសង្ស័យ យឺន វ៉ាន់ដេត បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅយប់កើតហេតុនោះថា «មួយជាតិនេះ បងខុសធ្ងន់ណាស់ សូម្បីតែមនុស្សខ្ញុំស្រលាញ់ ក៏ថែរក្សាមិនបាន បើបងនៅមានជីវិត បងនឹងខំធ្វើបុណ្យឧទ្ទិសកុសលជូនអូន បើមានជាតិក្រោយពិត បងព្រមតាមអូនគ្រប់យ៉ាង សន្យាឈប់រករឿងច្រើន ឈប់ង៉ក់ងរ តាមអូនគ្រប់យ៉ាង កំហុកបងធ្ងន់ណាស់ ដោយអត់ឱនមិនបាន សូមជូនពរអូនទៅកាន់សុគតិភព ប្រពន្ធសម្លាញ់ (ជុន ឌីណា)»៕ ខៀវទុំ

RELATED ARTICLES