Saturday, September 21, 2024
Homeព័ត៌មានជាតិមួលកសម្លាប់ ចោលសពក្នុងឡាន

មួលកសម្លាប់ ចោលសពក្នុងឡាន

ខេត្តបាត់ដំបង ៖ ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយទៅហើយ នៅក្នុង រថយន្ត ១គ្រឿង ដែលចតចោលនៅលើចិញ្ចើមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ ស្រាវជ្រាវពេញ ១យប់ ទើបកំណត់បាន ថា ស្ត្រីរងគ្រាះស្លាប់ដោយសារអំពើឃាតកម្ម ដោយត្រូវជនសង្ស័យមិន ស្គាល់អត្តសញ្ញាណ មួលកសម្លាប់ ក្នុងរថយន្ត។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងក្រោយផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ស្ត្រីរងគ្រោះដែលត្រូវឃាតករមួលកសម្លាប់ មានឈ្មោះឌិន សោភា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគួកជេលក់ដីឡូត៍ មានលំនៅ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ជាឃាតករ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ បន្សល់ទុកសាកសពស្ត្រីរងគ្រោះ ដេកស្លាប់ នៅក្នុងរថយន្តចតលើចិញ្ចើមផ្លូវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍មកថា ប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ដែលចតលើចិញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះដល់ទីតាំងខាងលើ ក៏ប្រទះឃើញថា មានស្ត្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែលជាង ៣០ឆ្នាំ ដេកស្លាប់ក្នុងរថយន្តដែលចតនៅត្រង់ចំណុច ក្រោយផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង។ ក្រោយមក បន្ទាប់ពីមានការចែកចាយព័ត៌មានផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ទើបសាច់ញាតិក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ ចំណាំភិនភាគនិងស្លាកលេខរថយន្តបាន ក៏ប្រញាប់ធ្វើដំណើរមកដល់ទីតាំងកើតហេតុ ទាំងយប់តែម្តង។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះ បានចេញបាត់ពីផ្ទះ ជាមួយនិងរថយន្តតូយ៉ូតា ព្រូស ខាងលើ តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ ហើយក៏បាត់ដំណឹងឈឹងតែម្តង សូម្បីទូរស័ព្ទ ក៏បិទមិនអាចទំនាក់ទំនងគ្នាបានដែរ។ ការបាត់ដំណឹង របស់ជនរងគ្រោះ ក្រុមគ្រួសារគ្មានតម្រុយ និងមិនបានដឹងពីគោលដៅរបស់ជនរងគ្រោះឡើយ លុះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមព្រោងព្រាត ទើបក្រុមគ្រួសារបានដឹង ហើយក៏ធ្វើដំណើមកមើលសាកសពទាំងយប់តែម្តង។

ដោយសារការប្រទះឃើញសាកសពខាងលើ យប់ណាស់ទៅហើយ ហេតុនេះទើបសមត្ថកិច្ចជំនាញ មិនអាចចុះមកពិនិត្យនិងធ្វើកោសល្យវិច័យបានភ្លាមៗនោះទេ រង់ចាំរហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន រួមទាំងក្រុមគ្រួពេទ្យ និងមន្ត្រីនគរបាលបច្ចេកទេស បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។

លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបង្ហើបយ៉ាងខ្លីថា បើតាមការត្រូតពិនិត្យរបស់មន្ត្រីជំនាញ ការស្លាប់របស់ស្ត្រីរងគ្រោះ អាចជាអំពើឃាតកម្ម។

ដោយឡែក មន្ត្រីជំនាញដែលបានចុះទៅកាន់កន្លែងកើតហេតុ បានបង្ហើបប្រាប់ថា តាមការពិនិត្យសាកសពស្ត្រីរងគ្រោះ អាចត្រូវជនដៃដល់ ឬមួលកសម្លាប់ចោលនៅក្នុងរថយន្ត រួចជនដៃដល់គេចខ្លួនបាត់។ ប៉ុន្តែគេមិនទាន់ហ៊ានវាយតម្លៃថា ជាអំពើប្លន់ ឬជាអំពើឃាតកម្មនោះទេ តែប្រភពខ្លះបានដាក់ការសង្ស័យថា អាចជាអំពើប្លន់ ហើយបើជាអំពើឃាតកម្ម គឺច្បាស់ណាស់ថា ជនដៃដល់ និងជនរងគ្រោះ គឺជាមនុស្សស្គាល់គ្នា។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បាននិងកំពុងសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីស្រាវជ្រាវស្វែងរកមូលហេតុពិត។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES