Saturday, September 21, 2024
Homeព័ត៌មានជាតិកូនប្រុសដេញកាប់ម៉ែ ខឹងសុំលុយអត់បាន

កូនប្រុសដេញកាប់ម៉ែ ខឹងសុំលុយអត់បាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានសុំលុយម្តាយបំណងយកទៅ ទិញគ្រឿងញៀនជក់ លុះស្ត្រីជាម្តាយប្រាប់ថា អត់មានលុយឱ្យទេ ស្រាប់តែឆេះឆួលកំហឹង ស្ទុះទាញកាំបិតប៉័ងតោ កាប់បំផ្លាញទ្វារ តុទូ ក្នុងផ្ទះ និងបោកកម្ទេចចានឆ្នាំងអស់ មិនតែប៉ុណ្ណោះ ថែមទាំងដេញកាប់ម្តាយបង្កើតខ្លួនឯងទៀត ទើបស្ត្រីជាម្តាយទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

កូនប្រុសកំណាចដែលដេញកាប់ម្តាយបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះចាន់ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ចំណែកស្ត្រីរងគ្រោះ ជាម្តាយ មានឈ្មោះមឿន វណ្ណៈ អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលស្ត្រីជាម្តាយកំពុងនៅផ្ទះ ស្រាប់តែជនសង្ស័យ ត្រូវជាកូនបង្កើត បានផឹកស៊ីស្រវឹង រួចក៏មកសុំលុយពីម្តាយ ដើម្បីយកទៅទិញគ្រឿងញៀនជក់ តែស្ត្រីជាម្តាយ មិនឱ្យ ក៏កើតទៅជាទំនាស់ឈ្លោះប្រកែកគ្នា ហើយកូនប្រុសរូបនោះខឹង ក៏បានយកកាំបិតប៉័ងតោ មកកាប់ទ្វារផ្ទះ តុ ទូ បោកចានបោកឆ្នាំង និងបំផ្លាញសម្ភារៈមួយចំនួនទៀត។

ប្រភពដដែល បន្តថា បន្ទាប់ពីវាយនិងកាប់បំផ្លាញរបស់ទ្រព្យក្នុងផ្ទះរួចហើយ កូនប្រុសកំណាចនេះ នៅមិនទាន់រំសាយកំហឹងអស់ ក៏បានគំរាមកាប់សម្លាប់ស្ត្រីជាម្តាយរបស់ខ្លួនចោលទៀតផង ជាហេតុធ្វើឱ្យស្ត្រីជាម្តាយភ័យស្លន់ស្លោ រត់ចេញក្រៅផ្ទះ ស្រែកឱ្យអ្នកជិតខាងជួយអន្តរាគមន៍ និងចាប់ខ្លួនកូនប្រុសយកមកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ ព្រមទាំងដាក់ពាក្យបណ្តឹង ស្នើឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានហើយ សមត្ថកិច្ចបានដកហូតកាំបិតប៉័ងតោ មួយដើម ដែលជាភ័ស្តុតាងផងដែរ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES