Saturday, September 21, 2024
Homeព័ត៌មានជាតិស្នងការរងខេត្តត្បូងឃ្មុំ ស្លាប់ក្នុងបន្ទប់

ស្នងការរងខេត្តត្បូងឃ្មុំ ស្លាប់ក្នុងបន្ទប់

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនចរាចរណ៍ ត្រូវបានប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ស្នាក់នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទទួលបន្ទុកផ្នែកការងារសណ្តាប់ធ្នាប់និងចរាចរណ៍ បានដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ ដោយគេសន្និដ្ឋានថា គាត់មានអាការខ្យល់គរ។

ប្រភពដដែល បានបញ្ជាក់ថា កន្លងមក លោកឈឹម គឹមហុង តែងសម្រាកប្រចាំការនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយរៀងរាល់ថ្ងៃ លោកតែងតែក្រោកចេញពីបន្ទប់របស់គាត់តាំងពីព្រលឹម ពោលគឺតែងតែលឿនជាងគេជានិច្ច។ លុះមកដល់ថ្ងៃកើតហេតុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង៩ព្រឹកទៅហើយ នៅតែមិនទាន់ឃើញលោកស្នងការរងរូបនេះ ភ្ញាក់ពីដំណេកទៀត ហើយក៏មិនឃើញបើកទ្វារបន្ទប់ដែរ ទើបមានអ្នកដើរទៅគោះទ្វារ ប៉ុន្តែពុំមានឮគាត់ឆ្លើយតប ឬបើកទ្វារបន្ទប់ចេញមកក្រៅសោះ ធ្វើឱ្យមានការសង្ស័យ ក៏នាំគ្នាគាស់ទ្វារបន្ទប់ ចូលទៅមើល ទើបដឹងថា លោកស្នងការរង ដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ ដោយសារអាការខ្យល់គរ។ 

សពត្រូវបានក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES