Saturday, September 21, 2024
Homeព័ត៌មានជាតិរំលោភសម្លាប់ក្មេងស្រី ជាប់គុក១ជីវិត

រំលោភសម្លាប់ក្មេងស្រី ជាប់គុក១ជីវិត

ខេត្តសៀមរាប ៖ ជនសង្ស័យជាឃាតករម្នាក់ ដែលបានចាប់រំលោភ រួចជ្រមុជទឹកក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ ក្នុងទឹកស្រែ រហូតដល់ស្លាប់ កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចវាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់នោះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចចេញសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ អស់ ១ជីវិត។

យោងតាមប្រភពពីអង្គភាពការពារកុមារ Chil Protection Unit (CPU) បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថា “នៅក្នុងថ្ងៃនេះ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមសម្រេចកាត់ទោសបុរសអាយុ៣២ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ពីបទរំលោភនិងសម្លាប់ ទៅលើកុមារីអាយុ ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។

ខ្ញុំសូមយកឱកាសនេះ ដើម្បីចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ទៅដល់សាលាដំបូងខេត្តសៀមរាប ចំពោះការកាត់ទោសនេះ។

ជាចុងក្រោយ ខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញារបស់ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេក ទេសវិទ្យាសាស្ត្រ (FST) នៃអង្គភាពការពារកុមារ CPU ដែលមានកិច្ចសហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំពោះការខិតខំប្រឹងប្រែងមួយនេះ។ សូមចូលរួមរំលែកទុក្ខផងក្មេងតូច ពួកយើងបានរកយុត្តិធម៌ជូនចំពោះប្អូនហើយ សូមប្អូនសម្រាកឱ្យបានស្ងប់សុខចុះ…”។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានករណីរំលោភសម្លាប់ដ៏ឃោរឃៅមួយ បានកើតឡើងនៅត្រង់ចំណុចវាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ដោយក្មេងស្រីម្នាក់បានចេញទៅឆ្លុះកង្កែប តែម្នាក់ឯង លុះក្រោយមក ត្រូវបានបុរសជាអ្នកភូមិជាមួយគ្នាម្នាក់ ល្បួងឱ្យទៅឆ្លុះកង្កែប នៅខាងលិចភូមិ ជាមួយគ្នា ដោយប្រាប់ថា នៅទីនោះ មានកង្កែបច្រើនជាង លុះទៅដល់ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី រហូតដល់បានសម្រេច។ បន្ទាប់មក ដោយខ្លាចបែកការ ជនសង្ស័យក៏ចាប់ក្មេងស្រីជ្រមុជក្នុងទឹកស្រែ ជម្រៅត្រឹមជង្កង់ បណ្តាលឱ្យស្លាប់ទាំងអាក្រាតកាយ គួរឱ្យសង្វេគទីបំផុត។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ក្មេងស្រីរងគ្រោះដែលត្រូវជនល្មោភកាមចាប់រំលោភ រួចជ្រមុជទឹកស្រែសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់។ ចំណែកជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានបណ្តឹងរបស់គ្រួសាររងគ្រោះ និងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប ទើបលោកដឹកនាំកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញសពដេកស្លាប់នៅលើទឹកប្រាកដមែន ហើយបានពិនិត្យនិងធ្វើកោសល្យវិច័យសព។

លោកវរសេនីយ៍ទោ បន្តថា បើតាមការបំភ្លឺពីស្ត្រីចំណាស់ឈ្មោះខ្វាវ លំ អាយុ៦៨ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ចៅស្រីរបស់គាត់ ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ (ក្មេងស្រីរងគ្រោះ) បានចេញទៅឆ្លុះកង្កែប តែម្នាក់ឯង តាមវាលស្រែ ក្បែរភូមិ បានប្រហែលមួយសន្ទុះ គាត់ក៏ឃើញចៅស្រី បានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះ  ចៅស្រីបានសុំគាត់ទៅឆ្លុះកង្កែប បន្តទៀត ដោយប្រាប់ថា ឈ្មោះវឿ (ជនសង្ស័យ) បានប្រាប់នាងថា នៅខាងលិចភូមិ មានកង្កែបច្រើនណាស់ និងបានហៅនាងឱ្យទៅរកជាមួយ។ ពេលនោះ គាត់ក៏មិនបានថាអ្វីដែរ ហើយចៅស្រីរបស់គាត់ក៏បានចេញទៅឆ្លុះកង្កែប ទៀតបាត់ទៅ។

ជីដូនរបស់ក្មេងស្រីរងគ្រោះ បានបន្តថា លុះដល់ម៉ោងប្រហែល ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ គាត់បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅ ឱ្យជួយតាមរកដែរ តែដោយសារយប់ងងឹតពេក រកមិនឃើញ។ ស្រាប់តែមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃដដែល ទើបគាត់បានរកឃើញចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ទាំងអាក្រាតកាយ។

លោកវរសេនីយ៍ទោ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការបំភ្លឺពីស្ត្រីជាជីដូនរបស់ក្មេងស្រីរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះអុក វឿ ដល់ផ្ទះ នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃដដែល រួចក៏នាំយក ទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនិងសម្លាប់ក្មេងស្រីរងគ្រោះប្រាកដមែន។

ជនសង្ស័យជាឃាតករខាងលើ បានសារភាពបន្តថា នៅមុនពេលកើតហេតុ ខ្លួនបានចេញឆ្លុះកង្កែប រួចក៏ជួបនឹងក្មេងស្រីរងគ្រោះ ដែលចេញដើរឆ្លុះកង្កែបដែរ ទើបបែកគំនិតបបួលនាងទៅឆ្លុះកង្កែប នៅខាងលិចភូមិ ដោយប្រាប់នាងថា នៅទីនោះមានកង្កែបច្រើនជាង។ ពេលនោះក្មេងស្រីរងគ្រោះ បានយកកង្កែបដែលនាងឆ្លុះបាន ទៅផ្ទះ មួយសន្ទុះក៏ត្រឡប់មកវិញ ទើបខ្លួនក៏នាំក្មេងស្រីរងគ្រោះទៅដល់កន្លែងកើតហេតុ ក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវនាង រួច រំលោភរហូតដល់បានសម្រេច។ បន្ទាប់មកដោយសារតែខ្លាចបែកការ ទើបខ្លួនបានចាប់ក្មេងស្រីរងគ្រោះ ជ្រមុជនៅក្នុងទឹកស្រែដែលមានជម្រៅត្រឹមជង្គង់ រហូតដល់ស្លាប់ រួចទុកសពចោល ហើយគេចទៅសម្ងំនៅផ្ទះ ធ្វើដូចមិនដឹងរឿង រហូតដល់រសៀលបន្តិច ក៏មានសមត្ថកិច្ចចុះមកចាប់រូបគេដល់ផ្ទះតែម្តង៕

RELATED ARTICLES