ភ្នំពេញ៖តន់ ច័ន្ទសីម៉ា បានអាកខានឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ទាំងឡាយជាច្រើនខែមកហើយដោយសារតែអ្នកដឹកនាំប្រគុំតន្រ្ដីមិនហ៊ានជួលព្រោះថៅកែនាងកំណត់ថ្លៃជ្រុលពេកទើបធ្វើឲ្យសីម៉ា បាត់បង់សកម្មភាពសិល្បៈអស់មួយរយៈធំ។ប៉ុន្ដែសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះច័ន្ទសីម៉ា បានប្រកាសថានាងទៅច្រៀងសម្ដែងជាលើកទី១នៅប្រទេសកូរ៉េខាងត្បូងដើម្បីជួបពលករខ្មែរនៅទីនោះនិងអបអរពិធីភ្ជុំបិណ្ឌរបស់ខ្មែរផងដែរដែលការសម្ដែងរបស់នាងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យទី១៨កញ្ញា ខាងមុខនេះ។នេះគឺជាបទពិសោធន៍លើកដំបូងបំផុតរបស់សីម៉ា ក្នុងការចេញទៅរកលុយនៅក្រៅស្រុកតាំងពីនាងបានឈ្មោះបោះសម្លេងហើយក្លាយទៅជាតារាស្នូល របស់Galaxy នោះមក។
តន់ ច័ន្ទសីម៉ា ហាក់ចាប់ផ្ដើមមានសង្ឃឹមឡើងវិញ ព្រោះថ្មីៗនេះនាងបានចាប់ដៃច្រៀងសម្ដែងជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ដូចមុន ក្រោយតារាទាំង២ខកខានចាប់ដៃគ្នាអស់ជាង៤ខែមក ខណៈដែលខេម នៅតែជាដៃគូនាងដដែល ហើយមិនយូទេសីម៉ា នឹងមានដៃគូថ្មីម្នាក់ទៀតនោះគឺលោកប៊ុត សីហា ម្ចាស់ពានThe Voice Cambodia រដូវកាលទី១ដែលនឹងរួមទ្រនុំជាមួយនាង។អ្នកជំនាញសិល្បៈលើកឡើងថាប្រសិនបើGalaxy មិនមានផែនការណ៍ទិញតារាស្រីណាចូលហើយនៅតែចាត់ទុកសីម៉ា ជាតួឯកតទៅទៀតព្រមទាំងមានតារាប្រុសដល់ទៅ៣ដួងគឺព្រាប សុវត្ថិ ,ខេម និងប៊ុត សីហា ជាដៃគូនាងនោះច្បាស់ជាតារាដែលមានគីឡូប្រហាក់ប្រហែលនាងកាន់តែពិបាកទប់ទល់ជាមួយអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវរូបនេះជាមិនខានឡើយ។ប៉ុន្ដែការកំណត់ថ្លៃខ្លួនកប់ពពករបស់សីម៉ា គឺច្រៀងConcerts ធំៗស៊ី១កម្មវិធី៥ពាន់ដុល្លារ និងច្រៀងទូរទស្សន៍ម្ដងពី១ទៅ២ពាន់ដុល្លារនោះនឹងធ្វើឲ្យសីម៉ា ក៍អាចនឹងដេកស្អាតព្រោះតែអ្នកដឹកនាំសិល្បៈលែងហៅនាងច្រៀងដែរ។
ក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលចេះស្មូតហើយច្រៀងអឿន បានល្អមានដូចជាអ្នកនាងហ៊ឹម ស៊ីវន និងចំរើន សុភ័ក្រ ជាដើម។សម្រាប់តារាវ័យ២៥ឆ្នាំនាងច័ន្ទសីម៉ា វិញអំឡុងពេលនាងកំពុងតែឡើងកូដនេះដែររឿងស្នេហារបស់នាងក៍ស្ថិតក្នុងភាពអាថ័កំបាំងបន្ទាប់ពីមានព័តមានព័តមានថាលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតបំផុតជាច្រើនខែមកហើយ៕