Saturday, September 21, 2024
Homeព័ត៌មានជាតិក្រមុំ១៨ឆ្នាំ ប្រុសឆាតណាត់ជួបមុខ ចាប់រំលោភ សម្លាប់បំបិទមាត់

ក្រមុំ១៨ឆ្នាំ ប្រុសឆាតណាត់ជួបមុខ ចាប់រំលោភ សម្លាប់បំបិទមាត់

ខេត្តរតនគិរី ៖ យុវតីជនជាតិទំពួន វ័យ ១៨ឆ្នាំម្នាក់ ក្រោយពីឆាតទូរស័ព្ទរួច (មិនដឹងឆាតជាមួយអ្នកណា) ក៏ដើរចេញពីផ្ទះបាត់ពេញ ១យប់ ទោះជាក្រុមគ្រួសារនាំគ្នាតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ លុះស្អែកឡើង ក្រុមគ្រួសារបន្តតាមរកទៀត រហូតដល់យប់ ទើបប្រទះ ឃើញសពកូនស្រី ត្រូវឃាតកររំលោភសម្លាប់ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ បើការស្រាវជ្រាវអស់រយៈពេល២ថ្ងៃ ក៏ឈានដល់ការកំណត់មុខសញ្ញា និងចាប់ខ្លួនជនដៃដល់ជាឃាតករ នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសម្លាប់ដ៏ឃោរឃៅនេះ បានកើតឡើងតាំងពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចឃុំសាមគ្គី ស្រុកអូរជុំ។ លុះមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺក្រោយពេលកើតហេតុ ២ថ្ងៃ សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតករ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យជាឃាតករដែលចាប់រំលោភកូនក្រមុំគេ រួចសម្លាប់បំបិទមាត់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសេង កុសល អាយុ៣៦ឆ្នាំ មុខរបរគ្រូមើលជំងឺ មានស្រុកកំណើតនៅភូមិស្វាយមីង ឃុំអម្ពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅឃុំសាមគ្គី ស្រុកអូរជុំ។ ចំណែកយុវតីរងគ្រោះ មានអាយុ១៨ឆ្នាំ ជាជនជាតិទំពួន និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមគ្រួសាររបស់យុវតីរងគ្រោះខាងលើ បានរាយការណ៍ប្រាប់ថា កូនស្រីរបស់គាត់ (យុវតីរងគ្រោះ) បានដេកស្លាប់នៅចំណុចទីតាំងកើតហេតុ ខាងលើ។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអូរជុំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចរកឃើញថា យុវតីរងគ្រោះ ត្រូវបានឃាតកររំលោភ ហើយសម្លាប់បំបិទមាត់។

តាមប្រភពពីគ្រួសាររបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ ១ថ្ងៃ ពោលគឺនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២  គាត់បានឃើញកូនស្រីរបស់គាត់ (យុវតីរងគ្រោះ) បានឆាតទូរស័ព្ទ តែមិនដឹងឆាតជាមួយអ្នកណានោះទេ។ លុះមួយសន្ទុះក្រោយមក កូនស្រីរបស់ គាត់ ក៏ដើរចេញពីផ្ទះបាត់ រហូតដល់ពេលយប់ ក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកពេញ ១យប់ តែមិនឃើញសោះ។ លុះព្រឹកឡើង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ពួកគាត់ជាឪពុកម្តាយ បានព្យាយាមទូរស័ព្ទទៅកូនស្រីដែរ តែមិនអាចទាក់ទងបាន ទើបបន្តស្វែងរករហូតដល់ម៉ោង ៨និង៣០នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញសពកូនស្រីគាត់តែម្តង។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងជំនាញចុះស្រាវជ្រាវរហូតដល់វេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ទើបឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យឈ្មោះសេង កុសល នាំយកមកសាកសួរ ព្រមទាំងដកហូតវត្ថុតាងបាន ម៉ូតូ១គ្រឿង (ម៉ូតូជិះធ្វើសកម្មភាព) ទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីបំពេញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES