Saturday, September 21, 2024
Homeព័ត៌មានជាតិផឹកស៊ីឈ្លោះគ្នា ២ព្រួតកាប់១ រយះក្បាល

ផឹកស៊ីឈ្លោះគ្នា ២ព្រួតកាប់១ រយះក្បាល

ខេត្តស្វាយរៀង ៖ បុរស ៣នាក់ បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងជោក ក៏រំលឹករឿងចាស់ ដែលធ្លាប់ឈ្លោះប្រកែកគ្នា ធ្វើឱ្យកើតមានជម្លោះសាជាថ្មី ឈានដល់ការផ្ទុះអំពើហិង្សា ដោយភាគីម្ខាងមានគ្នា ២នាក់ បានទាញកាំបិតកាប់ក្បាលជនរង គ្រោះ ១កាំបិត រួចហូតខ្សែក្រវាត់មកវាយបន្ថែម ២-៣ខ្សែក្រវាត់ទៀត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ទាំង២នាក់ បាននាំគ្នារត់គេចខ្លួនអស់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៥៥នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

ជនរងគ្រោះ មានឈ្មោះមាស សាមិត អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។ ចំណែកជនសង្ស័យ មានគ្នា២នាក់ ទី១-ឈ្មោះឆែ ផាន់នុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ នៅបាវិត មានលំនៅ ភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ និងទី២-ឈ្មោះពុត សំអន ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានផឹកស្រាជាមួយនឹងជនសង្ស័យ យ៉ាងសប្បាយរីករាយ។ ក្រោយមក ស្រាប់តែបានទាស់សម្តីគ្នាទៅវិញទៅមក ខណៈដែលកន្លងមក ពួកគេទាំង២នាក់ ធ្លាប់មានទំនាស់ឈ្លោះគ្នា ក៏ក្លាយជាហិង្សា ដោយជនសង្ស័យ បានដើរទៅយកកាំបិតប៉័ងតោ នៅផ្ទះរបស់ខ្លួន មកកាប់ជនរងគ្រោះ មួយកាំបិត ត្រូវក្បាល ផ្នែកខាងឆ្វេង បណ្តាលឱ្យមានរបួស។ បន្ទាប់មក ជនសង្ស័យឈ្មោះពុត សំអន ក៏បានហូតខ្សែក្រវាត់ពីចង្កេះ វាយជនរងគ្រោះ ២ទៅ៣ខ្សែក្រវាត់បន្ថែមទៀត ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅភ្នំពេញ។ ចំពោះជនសង្ស័យទាំង២នាក់ ក្រោយពីប្រព្រឹត្តបទល្មើសរួច បានយកវត្ថុតាងទៅជាមួយរត់គេចខ្លួនបាត់ពីមូលដ្ឋានតែម្តង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿង ដើម្បីស្វែងរកឃាត់ខ្លួន ជនសង្ស័យ យកមកចាត់ការបន្តទៅតាមច្បាប់៕

RELATED ARTICLES