Saturday, September 21, 2024
Homeព័ត៌មានជាតិចាប់ស្ទាវបាត់ដំបង ១០នាក់ អុកឡុកខេត្តប៉ៃលិន

ចាប់ស្ទាវបាត់ដំបង ១០នាក់ អុកឡុកខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្មេងទំនើងចំនួន ១ក្រុមធំ បើកម៉ូតូក្នុងល្បឿនយ៉ាងលឿន និងខ្លះបានកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮសំឡេង ខ្លាំងៗ បានធ្វើដំណើរនៅតាមដងផ្លូវជាតិ ចេញពីទឹកដីខេត្តបាត់ដំបង សំដៅចូលខេត្តប៉ៃលិន ដោយបង្កការរំខាន និងការ ភ័យខ្លាចដល់ប្រជាពលរដ្ឋ អ្នកដំណើរ លុះកម្លាំងសមត្ថកិច្ចឃាត់សួរនាំ បែរជាមិនព្រមឈប់ ព្យាយាមបន្ថែម ល្បឿន រត់គេច ទីបំផុតកម្លាំងសមត្ថកិច្ចជំនាញ សហការគ្នាប្រដេញតាមដល់កណ្តាលក្រុងប៉ៃលិន ទើបចាប់ក្របួចជាប់ ១សំបុក មានគ្នា ១០នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ ផ្លូវជាតិលេខ៥៩ តាំងពីភូមិសាស្ត្រស្រុកសាលាក្រៅ រហូតដល់ទឹកដីក្រុងប៉ៃលិន ទើបស្ទាក់ឃាត់បង្ក្រាបបានក្មេងទំនើងចំនួន ១០នាក់។

លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកបានទទួលព័ត៌មានពីកម្លាំងឈរជើងតាមគោលដៅថា មានក្មេងទំនើងចំនួន ១ក្រុម បើកម៉ូតូតាមដងផ្លូវ ជាតិលេខ៥៩ ក្នុងទិសដៅពីជើង ទៅត្បូង មកពីស្រុកកំរៀង ចូលមកស្រុកសាលាក្រៅ ហើយកម្លាំងឈរជើងគោលដៅ ហៅមិនឈប់ បើកបរបន្ថែមល្បឿនលឿន ដោយម៉ូតូភាគច្រើន គឺបានកែច្នៃប្រើស៊ីម៉ាំងបំពងសំឡេងលាន់ឮរំខានដល់អ្នកដំណើរយ៉ាងខ្លាំង។

លោកអធិការ បន្តថា ពេលនោះលោកបានចាត់ឱ្យកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងឈរជើងតាមគោលដៅ ចុះបង្ក្រាបករណីក្មេងទំនើងទាំងនោះ ក្នុងស្រុកសាលាក្រៅ ទើបកម្លាំងបានបើកបររថយន្តនិងម៉ូតូប្រដេញតាមម៉ូតូក្មេងទំនើង រហូតចូលដល់ក្រុងប៉ៃលិន ទើបស្ទាក់ឃាត់ខ្លួនក្មេងទំនើងបាន ចំនួន១០នាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន ៧គ្រឿង ខណៈដែលខ្លះទៀត បានគេចខ្លួនបាត់អស់។

ក្រុមក្មេងទំនើងទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ៖ ទី១-ឈ្មោះឃុត ណារ៉ុង ភេទប្រុស  អាយុ១៦ឆ្នាំ មានលំនៅ ភូមិដីក្រហម ឃុំបាសែត ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី២-ឈ្មោះតេង ឆៃយ៉ាង ភេទប្រុស  អាយុ១៧ឆ្នាំ មានលំនៅ ភូមិដីក្រហម  ឃុំបាសែត  ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៣-ឈ្មោះសាំង មករា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ស្រុកកំរៀង  ខេត្តបាត់ដំបង។ ទី៤-ឈ្មោះរឿន ដារ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៥-ឈ្មោះសាំង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៦-ឈ្មោះមាន វ៉ាឃីម ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិតាសែន ឃុំត្រាត ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៧-ឈ្មោះសឿន សុផៃ ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៨-ឈ្មោះឌឿ សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិអូរចំលង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី៩-ឈ្មោះកំសត់ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងទី១០-ឈ្មោះរូ រឹត ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកអធិការស្រុក បានបន្តថា មុនដំបូង ក្រុមម៉ូតូទាំងនេះ បានបើកបរចេញពីស្រុកកំរៀង ខេត្តបាត់ដំបង ចូលមកស្រុកសាលាក្រៅ ប្រហែល ២០គ្រឿង លុះសមត្ថកិច្ចតាមគោលដៅបានពិនិត្យឃើញថា មានប្រើស៊ីម៉ាំងបំពងសំឡេងខ្លះ និងកែច្នៃខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់ ដើម្បីសាកសួរ និងអប់រំ តែក្រុមទាំងនេះមិនបានសហការជាមួយសមត្ថកិច្ចទេ គឺពួកគេប្រឹងបន្ថែមល្បឿន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ទើបធ្វើឱ្យភ្ញាក់ផ្អើលពេញស្រុកសាលាក្រៅ និងឈានចូលដល់កម្លាំងសមត្ថកិច្ចដេញតាមឃាត់តាមដងផ្លូវ  រួចប្រដេញស្ទាក់ឃាត់ខ្លួន និងម៉ូតូបានតែម្តង។

បច្ចុប្បន្ន ក្រុមក្មេងទំនើង និងម៉ូតូខាងលើ ត្រូវបានកម្លាំងនាំខ្លួន និងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

RELATED ARTICLES