Saturday, September 21, 2024
Homeព័ត៌មានជាតិចាប់ដាក់ខ្នោះដៃ វ៉ៃសម្លាប់ ប្លន់ម៉ូតូ

ចាប់ដាក់ខ្នោះដៃ វ៉ៃសម្លាប់ ប្លន់ម៉ូតូ

ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ បានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ រួចក៏បាត់ដំណឹងសូន្យឈឹង មិនឃើញវិលត្រឡប់មក វិញសោះ ស្រាប់តែ ២ថ្ងៃក្រោយមក ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងព្រៃ ១កន្លែង ក្នុងសភាពរងរបួសផុង លលាដ៍ក្បាល បាក់ក និងថែមទាំងជាប់ខ្នោះដៃទៀតផង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យ និងសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្ម វាយសម្លាប់ប្លន់ម៉ូតូ។

ហេតុការណ៍ប្រទះឃើញយុវជនម្នាក់ដេកស្លាប់ទាំងដៃជាប់ខ្នោះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវា០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

សពជនរងគ្រោះ មានឈ្មោះថេន សុមិត្ត អាយុ១៩ឆ្នាំ មានលំនៅ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវអាល់ហ្វា ពណ៌ត្រួយចេក ចេញពីផ្ទះបាត់ ដោយពុំបានត្រឡប់ទៅផ្ទះវិញទេ ហើយទោះជាក្រុមគ្រួសារដើរតាមរកយ៉ាងណាក៏មិនឃើញសោះ។ លុះមកដល់រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលដំណឹងថា មានគេប្រទះឃើញសពជនរងគ្រោះ នៅចំណុចកើតហេតុ ក៏ប្រញាប់មកមើល ឃើញថាជនរងគ្រោះពិតជាស្លាប់មែន។ ចំណែកម៉ូតូរបស់ជនរងគ្រោះដែលជិះចេញ ទៅនោះ ក៏រកពុំឃើញដែរ។

ក្រោយកើតហេតុ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ  និងធ្វើកោសល្យវិច័យសព រួចបញ្ចាក់ថា សពមានស្លាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយ និងបាក់ក ចំណែកដៃ មានជាប់ខ្នោះទៀតផង។ ដោយឡែកនៅក្បែរសព សមត្ថកិច្ចបានរកឃើញមានដំបងឈើមូល ចំនួន២ដើមផងដែរ។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជំនាញ ករណីនេះជាអំពើឃាតកម្ម វាយសម្លាប់ប្លន់ម៉ូតូ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង បើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES