Saturday, September 21, 2024
Homeព័ត៌មានជាតិទាញកាំបិតចាក់គ្នា របួស១ ជាប់ខ្នោះ១

ទាញកាំបិតចាក់គ្នា របួស១ ជាប់ខ្នោះ១

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃ ចំនួន២នាក់ មិនដឹងថាកើតមានជម្លោះនឹងគ្នាពីរឿងអ្វី ស្រាប់តែទាញ កាំបិតចុងស្រួច ចាក់ប្រហារគូទំនាស់ ១កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរ ពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

 លោកនួន នីណារ៉ូ មេបញ្ជាការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ករណីហិង្សាខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ណាតាផុន ណួកណាខា (Nattapon Noocnaca) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ ឆៃយ៉ាភព ផភឿក ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិថៃ ដូចគ្នា បណ្តាលឱ្យរងរបួស។

លោកនួន នីណារ៉ូ បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់មូលដ្ឋាន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

តាមចម្លើយរបស់ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ដងជ័រ ពណ៌ខ្មៅ ចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសប្រាកដមែន។

ដោយផ្អែកតាមចម្លើយសារភាព រួមនិងវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ផងដែរ ។

ជនសង្ស័យត្រូវបានមន្ទីរស្រាជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES