Saturday, September 21, 2024
Homeព័ត៌មានជាតិកាប់ប្លន់ម៉ូតូមាន GPS ជាប់ខ្នោះ៣នាក់

កាប់ប្លន់ម៉ូតូមាន GPS ជាប់ខ្នោះ៣នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមមុខសញ្ញាកាប់ប្លន់ម៉ូតូតាមផ្លូវ ដែលធ្វើសកម្មភាពយ៉ាងសកម្មតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និង ផ្លូវជាតិ លេខ៤១ នាពេលកន្លងមក ពេលនេះត្រូវអស់លក្ខណ៍ ក្រោមប្រតិបត្តិការរបស់កម្លាំង សមត្ថកិច្ចស្រុកសំរោងទង បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ ១គ្រឿង ពីបុរសម្នាក់បានសម្រេច តែប៉ះចំម៉ូតូមានភ្ជាប់ប្រព័ន្ធតាមដាន GPS ក៏ត្រូវ សមត្ថកិច្ចតាមចាប់វាយខ្នោះបាន ចំនួន៣នាក់។

តាមប្រភពពីសមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចស្រុកសំរោងទង បានទទួលបណ្តឹងតាមទូរស័ព្ទ ពីឈ្មោះវណ្ណ សំរេច ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរាយការណ៍ថា កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៣នាក់ ជិះម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវកាប់ប្លន់ម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JL-5038 (មានភ្ជាប់ប្រព័ន្ធ GPS) ដោយក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាប់ប្លន់ នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែល បន្តថា បន្ទាប់មក ជនរងគ្រោះជាម្ចាស់ម៉ូតូ បានស្វែងរកម៉ូតូរបស់ខ្លួន តាមប្រព័ន្ធ GPS មកដល់ចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងអម្ពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅពេលដែលប្រព័ន្ធ GPS បង្ហាញទីតាំងយ៉ាងជាក់លាក់រួចមក និងកំណត់មុខសញ្ញាបានហើយ លោកអធិការ ក៏បានស្នើសុំយោបល់លោកស្នងការ ដើម្បីចុះប្រតិបត្តិការបង្ក្រាបភ្លាមៗ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ជាបន្តបន្ទាប់ សរុបចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះហេង វ៉ាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី។ ទី២-ឈ្មោះចឺម រក្សា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី។ ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ (ជារបស់ជនរងគ្រោះ) និងទី៣-ឈ្មោះយឿង បូណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ត្រូវបានឃាត់ខ្លួននៅម៉ោង ១១និង១០នាទីព្រឹក ថ្ងៃដដែល នៅចំណុចផ្ទះសំណាក់ នាគមាស សៀវម៉ីញ ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ដោយដកហូតវត្ថុតាង រួមមាន ដាវ ចំនួន១ និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH-4999 (ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព)។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយ ដូចជាម៉ូតូ ឬរថយន្ត ជាដើម គួរភ្ជាប់ប្រព័ន្ធ GPS ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសជាក់ស្តែង ដូចជាករណីនេះជាដើម ឈានទៅដល់ការងាយស្រួលរបស់សមត្ថកិច្ចក្នុងការតាមចាប់ បង្ក្រាបមុខសញ្ញាបង្កបទល្មើស៕

RELATED ARTICLES