Saturday, September 21, 2024
Homeព័ត៌មានជាតិផឹកស៊ីរួច ខឹងម្ចាស់ហាងទារលុយ បើកឡានបំបុក

ផឹកស៊ីរួច ខឹងម្ចាស់ហាងទារលុយ បើកឡានបំបុក

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវបានម្ចាស់ហាងផឹកស៊ីមួយកន្លែងអះអាងថា បានចូលមកផឹកស៊ីស្រវឹងធ្លាក់ភ្នែក បែរជាមិនព្រមទូទាត់លុយកាក់ឱ្យហើយ ថែមទាំងបង្កជម្លោះ រហូតដល់ឡើងបើករថយន្តបំបុកម៉ូតូជាច្រើនគ្រឿង នៅមុខហាង រួចគេចខ្លួនបាត់ បណ្តាលឱ្យខូចខាតម៉ូតូ ចំនួន៥គ្រឿង និងបង្កឱ្យមនុស្សម្នាក់រងរបួស បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខហាងលក់ស្រាក្រឡុក មួយកន្លែង ស្ថិតនៅតាមផ្លូវមាត់ស្ទឹងសង្កែ ចំណុចចុងស្ពានថ្មថ្មីត្រើយខាងកើត ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

រថយន្តបង្កហេតុ ដែលបើកបុករះម៉ូតូ ៥គ្រឿងនោះ ត្រូវបានគេអះអាងថា ម៉ាកតូយ៉ូតា Tundra ពាក់ស្លាកលេខ ភ្នំពេញ 2AK-4260។

តាមការអះអាងពីម្ចាស់ហាង បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់រថយន្តខាងលើ បានចូលទៅផឹកស៊ីនៅកន្លែងគាត់ ហើយមិនបានឱ្យលុយ។ លុះមុនពេលចាកចេញ គាត់ជាម្ចាស់ហាង បានទៅទារលុយ តែម្ចាស់ឡាន មិនត្រឹមតែមិនព្រមឱ្យលុយនោះទេ ថែមទាំង ឡើងទៅបើកឡានបំបុកម៉ូតូដែលចតនៅមុខហាងគាត់ រួចបើករត់គេចភ្លាមៗតែម្តង បណ្តាលឱ្យខូចខាតម៉ូតូ ៥គ្រឿង និងមនុស្សម្នាក់ទៀត រងរបួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះមកពិនិត្យ រួចក៏យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯជនរងគ្រោះម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

លោកចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ថា លោកកំពុងដាក់កម្លាំងស្រាវជ្រាវតាមស្លាកលេខរថយន្តនោះហើយ ដើម្បីកោះហៅអ្នកបើកបរ ឱ្យចូលខ្លួនមកសាកសួរ។

ដោយឡែកសម្រាប់ម៉ូតូ សរុបចំនួន ៥គ្រឿង ដែលរងការខូចខាត គឺកម្លាំងរបស់លោក នាំយកមកកាន់ការិយាល័យ តែ២គ្រឿងប៉ុណ្ណោះ ដែលខូចខាតខ្លាំង។ ចំណែកជនរងគ្រោះ ដែលរងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យ៕

RELATED ARTICLES