Saturday, September 21, 2024
Homeព័ត៌មានជាតិ២ថ្ងៃ បង្ក្រាបល្បែង ៣៦ករណី ឃាត់ខ្លួន៧០នាក់

២ថ្ងៃ បង្ក្រាបល្បែង ៣៦ករណី ឃាត់ខ្លួន៧០នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ សរុប ៣៦ករណី ឃាត់ខ្លួនមនុស្ស ចំនួន៧០នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជា របស់លោកឃួង ស្រេង អភិបាលាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារដើម្បីធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រយៈពេល ២ថ្ងៃ កន្លងមក (ថ្ងៃទី១៧-១៨ កញ្ញា) ដោយបានធ្វើការបង្ក្រាប ៣៦ករណី និងឃាត់ខ្លួនមនុស្សចំនួន ៧០នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៧០នាក់នោះ ក្នុងនោះមានស្រី ៣៥នាក់ ចិន ១០នាក់ កូរ៉េ ម្នាក់ អារ៉ាប់ ម្នាក់ ហើយក្រៅពីនោះជាជនជាតិខ្មែរ។

គួរបញ្ជាក់ថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញ បញ្ជាយ៉ាងដាច់ណាត់ ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។ ប្រសិនបើអភិបាលរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ រូបណា មិនទទួលខុសត្រូវ លើតួនាទី បណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្តេច នឹងមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខ តំណែងនោះឡើយ៕

RELATED ARTICLES