Saturday, September 21, 2024
Homeព័ត៌មានជាតិលាក់លុយក្រោមកែបម៉ូតូ ចូលម៉ាស្សា ចោរលួចហ្មត់

លាក់លុយក្រោមកែបម៉ូតូ ចូលម៉ាស្សា ចោរលួចហ្មត់

ភ្នំពេញ ៖ បុរសជាមេការសំណង់ម្នាក់ មិនស្រួលខ្លួន បានជិះម៉ូតូចូលកោសជប់ នៅហាងម៉ាស្សា ១កន្លែង តែដោយ មានលុយជាប់នឹងខ្លួនច្រើនពេក (២ពាន់ដុល្លារ) ទើបខ្លាចបាត់ ដោយសារស្នាដៃស្រីម៉ាស្សា ក៏បែកគំនិតលាក់លុយក ក្រោមកែបម៉ូតូ លុះចូលទៅម៉ាស្សា បានបន្តិច ខ្លាចបាត់លុយ ក៏ឆ្លៀតចេញមកមើល ស្រាប់តែឃើញកែបម៉ូតូរបើក ចំណែកលុយក្នុងថង់ ២ពាន់ដុល្លារ ត្រូវចោរលួចហ្មត់ ក៏ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនមនុស្ស ៦នាក់ (ប្រុស៣ ស្រី៣) នាំទៅប៉ុស្តិ៍ សាកសួរ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ផ្ទះកោសជប់ ម៉ាស្សា យីហោ ម៉ាស្សាសម្រួលសរសៃ ១០០០០រៀល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះ មានឈ្មោះមិន ម៉េត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិជ្រែ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកលុយដែលបាត់បង់ ត្រូវបានជនរងគ្រោះអះអាងថា មានចំនួន ១៤០០ដុល្លារ និងលុយខ្មែរ ១លាន៨០ម៉ឺនរៀល ជាលុយទើបបើកពីថៅកែ សម្រាប់បើកឱ្យកម្មករ នាល្ងាចថ្ងៃនេះ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ គាត់ទើបត្រឡប់មកពីបើកលុយវិញ សម្រាប់បើកជូនកម្មករ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ តែពេលធ្វើដំណើរត្រឡប់មកវិញតាមផ្លូវ ដោយមិនស្រួលខ្លួន ទើបឆ្លៀតចូលកោសជប់ ម៉ាស្សា នៅផ្ទះចំណុចកើតហេតុ ប៉ុន្តែដោយសារមានលុយជាប់ខ្លួនច្រើនពេក មិនហ៊ានទុកក្នុងហោប៉ៅ ខ្លាចត្រូវស្រីម៉ាស្សាលួចបាត់ ទើបដាក់លុយក្នុងស្បោងខ្មៅ នៅក្រោមកែបម៉ូតូ PCX ហើយក៏ចូលម៉ាស្សា ក្នុងបន្ទប់ជាមួយនារីម្នាក់។

បុរសរងគ្រោះ បន្តថា លុះពេលកំពុងម៉ាស្សាបានបន្តិច ខ្លួនបារម្ភរឿងលុយក្រោមកែបម៉ូតូ ទើបមិនអស់ចិត្ត ក៏ឆ្លៀតចេញមកមើលបន្តិចសិន ស្រាប់តែឃើញកែបម៉ូតូរបើក បើកមើល បាត់លុយអស់រលីង ទើបផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅសាកសួរ ពិនិត្យជាក់ស្តែង ឃាត់ខ្លួនមនុស្សប្រុស ៣នាក់ និងនារីម៉ាស្សា ៣នាក់ ដែលកំពុងស្នាក់នៅក្នុងផ្ទះខាងលើ នាំយកទៅសួរនៅប៉ុស្តិ៍។

នៅកន្លែងកើតហេតុ មានបុរសជាមេការម្នាក់ និងនារីម្នាក់ ចេញមុខសម្របសម្រួល ដោយលើកឡើងថា ពុំចាំបាច់ប្តឹង និងនាំពួកគេទៅប៉ុស្តិ៍នគរបាលទេ ពួកគេនឹងចេញសងលុយ វិញ ហើយពួកគេមិនមែនជាអ្នកយកលុយនោះឡើយ។

ក៏ប៉ុន្តែ ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ចឃាត់មនុស្ស ៦នាក់ ឱ្យនៅមួយកន្លែង សាកសួរបឋម ទោះជាម្ចាស់ផ្ទះម៉ាស្សា សុំសម្រួលនៅកន្លែងក៏ដោយ។ សមត្ថកិច្ច បាននាំខ្លួនមនុស្សទាំង ៦នាក់ ទៅកាន់ប៉ុស្តិ៍នគរបាល និងរកឃើញម៉ូតូចំនួន ៣គ្រឿង គ្មានឯកសារ ម៉ាក XR ម៉ាកឃ្លីក និងម៉ាកស្មាស់ ក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ដែរ ដើម្បីសាកសួរតាមនីតិវិធី៕

RELATED ARTICLES