Saturday, September 21, 2024
Homeព័ត៌មានជាតិផឹកស៊ីឡូឡា សំពង២ដំបង

ផឹកស៊ីឡូឡា សំពង២ដំបង

ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ ឱ្យតែផឹកស្រាស្រវឹង ចេះតែស្រែកឡូឡាផ្អើលពេញភូមិ រំខានដល់អ្នកជិតខាង រកពេលដេកពួនមិនបាន លុះចុងក្រោយ បុរសម្នាក់រស់នៅក្បែរខាងគ្នា បានព្យាយាមហាមឃាត់កុំឲ្យស្រែកឡូឡា តែបុរសចំណាស់នោះមិនខ្ចីស្តាប់ និងថែមទាំងផ្គើនស្រែកឡូឡាកាន់តែខ្លាំងឡើង ជាហេតុធ្វើឱ្យអ្នកជិតខាងទ្រាំលែងបាន ក៏ទាញដំបងឫស្សី សំពងចំនួន២ដំបង បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ករណីហិង្សានេះ បានកើតឡើងវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិជីកដី  ឃុំអណ្តូងត្របែក ស្រុករមាសហែក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆាន ចន្ធី  អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិជីកដី ឃុំអណ្តូង ត្របែក ស្រុករមាសហែក។ ចំណែកជនរងគ្រោះមានឈ្មោះនុន ផល្លា  អាយុ៦៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ បានផឹកស្រាស្រវឹង ហើយក៏បានស្រែកឡូឡាយ៉ាងខ្លាំង ធ្វើឱ្យអ្នកភូមិនៅផ្ទះក្បែរគ្នា ថ្លង់ដេកមិនលក់ បន្ទាប់មកជនសង្ស័យបានហាមជនរងគ្រោះដែរ តែជនរងគ្រោះមិនខ្ចីស្តាប់ ទើបធ្វើឱ្យជនសង្ស័យខឹងសម្បា ក៏ទាញយកកៅអីជ័រ ២ត្រួតគ្នា វាយទៅលើជនរងគ្រោះ ប៉ុន្តែជនរងគ្រោះគេចផុត ក៏ត្រូវនឹងសសរផ្ទះ ធ្វើឱ្យបាក់កៅអី។

ប្រភពដដែល បន្តថា ភ្លាមនោះ ជនសង្ស័យបានស្ទុះទាញបានដំបងឫស្សី មួយកំណាត់ ដើរចូលទៅវាយជនរងគ្រោះ ចំនួន២ដំបង បណ្តាលឱ្យរងរបួសហូរឈាមនៅត្រង់ខ្នងដៃខាងឆ្វេង១កន្លែង និងកំភួនជើងខាងស្តាំ ១កន្លែង បង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងត្របែក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែខឹងជនសង្ស័យដែលផឹកស្រាស្រវឹងស្រែកឡូឡារំខាន រកដេកពួនមិនបាន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES