Saturday, September 21, 2024
Homeព័ត៌មានជាតិអត់លុយបង់ពិន័យ ប៉ូលិសដឹកទៅបញ្ចាំទូរស័ព្ទ

អត់លុយបង់ពិន័យ ប៉ូលិសដឹកទៅបញ្ចាំទូរស័ព្ទ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យបើកការស្រាវជ្រាវ ករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅរង្វង់កួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ គ្មានលុយគ្រប់ មន្ត្រីនគរបាលនៅគោលដៅនោះ បានដឹកម្ចាស់ម៉ូតូ ទៅបញ្ចាំទូរស័ព្ទ ដើម្បីបានលុយមកបង់ផាកពិន័យ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលកួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្រាវជ្រាវលើករណីនេះជាបន្ទាន់។

លោកវរសេនីយ៍ សាន សុខសីហា បានបញ្ជាក់ថា លោកកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមលោកស្នងការ មិនដែលលើកលែង ហើយក៏មិនដែលអនុគ្រោះឱ្យមន្ត្រីអនុវត្តខុសរបៀបនេះឡើយ ឱ្យតែខុស ត្រូវអនុវត្តតាមវិន័យ ប៉ុន្តែបើមន្ត្រីធ្វើល្អ តែងតែមានការលើកសរសើរ ផ្តល់ឋានន្តរស័ក្តិ និងតួនាទីជាដើម។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងទៀតថា ជុំវិញករណីនេះ មន្ត្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ត្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំ ទូរស័ព្ទ ដើម្បីយកលុយ មកបង់ផាកពិន័យតែម្តង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២  មានករណីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វា (រង្វង់មូលកួចកាណុង) បានចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកម៉ូតូកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះមួកសុវត្ថិភាពបានត្រឹមត្រូវ ដោយតម្រូវឱ្យបង់ប្រាក់ផាកពិន័យ ចំនួន៥ម៉ឺនរៀល។ ប៉ុន្តែអ្នកបើកម៉ូតូកង់បីនោះ បានប្រាប់ថា ខ្លួនមានតែលុយ៤៥០០រៀលទេ នៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកអីវ៉ាន់ ដើម្បីដាក់ជូនភ្ញៀវ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទ ១គ្រឿង អ៊ីចឹងមានតែយកទៅដាក់បញ្ចាំ។ ជាដំណោះស្រាយ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន ៦ម៉ឺនរៀល រួចក៏ដកលុយ ៥ម៉ឺនរៀល ឱ្យប៉ូលិស និងទុក ១ម៉ឺន នៅក្នុងខ្លួន។

រឿងរ៉ាវនេះ បានបន្សល់នូវការងឿងឆ្ងល់យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវការហួសចិត្ត និងមិននឹកស្មានថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលកួចកាណុង ម៉ឺងម៉ាត់ដល់ថ្នាក់នេះ រហូតនាំអ្នកដែលត្រូវផាកពិន័យ ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយមកបង់ប្រាក់ពិន័យដែលមិនបានពាក់គន្លឹះមួកសុវត្ថិភាព។

គួររំលឹកថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែអបរំ និងណែនាំជាប្រចាំ ឱ្យកងកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ដោយមានភាពម៉ឺងម៉ាត់ តែទន់ភ្លន់ជាមួយប្រជាជន ដោយភ្ជាប់ជាមួយការអប់រំណែនាំផងដែរ៕

RELATED ARTICLES