Friday, October 18, 2024
Homeព័ត៌មានជាតិអ្នកបាត់ម៉ូតូ នាំគ្នាទៅមើលម៉ូតូ សមត្ថកិច្ចដកហូតពីឃ្លាំងបញ្ចាំ

អ្នកបាត់ម៉ូតូ នាំគ្នាទៅមើលម៉ូតូ សមត្ថកិច្ចដកហូតពីឃ្លាំងបញ្ចាំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋ​ អ្នកបាត់ម៉ូតូ បានផ្អើលនាំគ្នាទៅមើលម៉ូតូដែលសមត្ថកិច្ចដក ហូត ពីឃ្លាំងបញ្ចាំ បញ្ជូនយកទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងមួយ ដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយ ចង្វា។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ជាលទ្ធផល បានដកហូតម៉ូតូ ចំនួន ៣២២គ្រឿង ពីឃ្លាំងបញ្ចាំមួយចំនួន ដែលគ្មានឯកសារត្រឹមត្រូវ នៅក្នុងតំបន់ឃ្លាំងរំសេវ ខណ្ឌទួលគោក ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វា។

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ ទៅផ្ទៀងផ្ទាត់នៅទីតាំងរក្សាទុក។ ក្នុងករណីមានឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញភ្លាមៗ ទើបនៅព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២២​ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាទៅពិនិត្យមើលម៉ូតូ​របស់ខ្លួនដែលបានបាត់​នៅឃ្លាំងរក្សាទុក ក្នុងតំបន់ OCICO ជ្រោយចង្វា។

ជាមួយនេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌជ្រោយចង្វា បានចេញសេចក្តីជូនដំណឹងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារ​ពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ​ រដ្ឋបាលខណ្ឌជ្រោយចង្វា បានបង្ហាញបញ្ជីភិនភាគម៉ូតូដែលបានដកហូតពីឃ្លាំងបញ្ចាំ ទាំងជាង៣០០គ្រឿង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ពិនិត្យមើលជាមុនសិន​។ ក្នុងករណីពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់ខ្លួន​ សូមបងប្អូន យកឯកសារពាក់ព័ន្ធ (ច្បាប់ដើម)​ ដូចជា​ ៖​ អត្តសញ្ញាណប័ណ្ណ​ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី)​ ពាក្យបណ្ដឹង​ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន​ មកជួបក្រុមការងារដែលនៅប្រចាំការ​ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្ត ​តាមបណ្តោយមហាវិថី OCIC ភូមិដើមគ​ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ ដើម្បីផ្ទៀងផ្ទាត់ និងទទួលយកម៉ូតូរបស់ខ្លួនវិញ៕

RELATED ARTICLES