Sunday, September 22, 2024
Homeព័ត៌មានជាតិសម្លាប់ក្មេងស្រី ១ខួបកន្លះ ចាប់បោកនឹងគល់ឈើ

សម្លាប់ក្មេងស្រី ១ខួបកន្លះ ចាប់បោកនឹងគល់ឈើ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាឃាតករម្នាក់ បានបីក្មេងស្រីវ័យ ១ខួបកន្លះម្នាក់ ដែលជាកូនរបស់អ្នកជិតខាង យកទៅបោកផ្ទប់នឹងគល់ឈើ បណ្តាលឱ្យផុងលលាដ៍ក្បាល ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យផ្អើលដល់អ្នកភូមិ ចាប់ក្របួចជនដៃដល់ជាឃាតករជាប់ រួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង។

ក្មេងស្រីរងគ្រោះដែលត្រូវឃាតករចិត្តកំណាចបោកនឹងគល់ឈើ បណ្តាលឲ្យស្លាប់ មានឈ្មោះឈៀង ផាន់នី អាយុ១ខួបកន្លះ (១៨ខែ) មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ែត តូម៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ  មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ខាងលើ បានដើរមកបីក្មេងស្រីរងគ្រោះ ទៅដាក់នៅខាងក្រោយផ្ទះ ក្បែរគល់ឈើមួយ ហើយជនសង្ស័យ បានទៅរកចបមកកាប់រណ្តៅដី ជិតគល់ឈើនោះ តែគ្មានអ្នកណាដឹងថា គេកាប់រណ្តៅធ្វើអីនោះទេ។

ប្រភពដដែល បន្តថា ពេលនោះ ជីតារបស់ក្មេងស្រីរងគ្រោះ ឈ្មោះសាក់ ម៉េត អាយុ៥៥ឆ្នាំ ឃើញចៅយំ ក៏បានទៅយកចៅស្រីមកទុកលើគ្រែ ក្រោមផ្ទះវិញ ហើយនៅពេលកាប់រណ្តៅរួច ជនដៃដល់បានមកយកក្មេងស្រីរងគ្រោះម្តងទៀត ហើយក៏យកទៅបោកនឹងគល់ឈើ បណ្តាលឱ្យក្មេងស្រីរងគ្រោះផុងលលាដ៍ក្បាល ហូរឈាមតាមត្រចៀកខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។

ពាក់ព័ន្ធនឹងជនដៃដល់ខាងលើនេះ ត្រូវបានអ្នកភូមិដាក់ការសង្ស័យថា មូលហេតុដែលនាំឱ្យកើតមានករណីមនុស្សឃាតខាងលើនេះ គឺមកពីជនដៃដល់រូបនោះបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ)។

ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានឃាត់ខ្លួនជនដៃដល់ ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES