Sunday, September 22, 2024
Homeព័ត៌មានជាតិម៉ែភ្លេចខ្លួន កូនដាំក្បាលចូលធុងទឹកស្លាប់

ម៉ែភ្លេចខ្លួន កូនដាំក្បាលចូលធុងទឹកស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីតូចម្នាក់ ឆ្លៀតពេលម្តាយរវល់ការងារផ្ទះភ្លេចខ្លួន បានដើរទៅងូតទឹកតែម្នាក់ឯង នៅក្បែរផ្ទះ រួចស្រាប់តែដាំក្បាលចូលក្នុងធុងជ័រ សម្រាប់ដាក់ទឹក ដែលមានកម្ពស់ប្រហែល ៦តឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម លុះម្តាយរួចដៃ ការងារ ក៏ដើរទៅមើលកូនស្រី ស្រាប់តែប្រទះឃើញកូនក្នុងធុងទឹកបាត់ទៅហើយ ធ្វើឱ្យស្ត្រីជាម្តាយស្រែកទ្រហោយំបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបុរី។

ក្មេងស្រីរងគ្រោះដែលដាំក្បាលចូលធុងទឹកស្លាប់នោះ មានឈ្មោះលួម លីហ្សា អាយុ៣ខួប មានឪពុកឈ្មោះពាញ ហួត អាយុ៤៤ឆ្នាំ និងម្តាយឈ្មោះឆាយ យឿង អាយុ៤៣ឆ្នាំ មានលំនៅ ភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបុរី។

តាមការបំភ្លឺពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កូនគាត់បានទៅងូតទឹកក្នុងធុងជ័រនៅខាងក្រៅផ្ទះ ម្នាក់ឯង ហើយពួកគាត់រវល់នៅក្នុងផ្ទះ លុះក្រោយមក បន្ទាប់ពីរួចដៃពីការងារ មិនឮមាត់កូនលេងទឹក គាត់ក៏បានចេញមកមើល ស្រាប់តែឃើញកូនគាត់ដាំក្បាលចូលទៅក្នុងធុងទឹក ស្លាប់បាត់ទៅហើយ មិនដឹងថា តាំងពីពេលណានោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យនិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងសពក្មេងស្រីរងគ្រោះ ដែលមានសមាសភាពក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃ្បុំ លោកមេភូមិ និងក្រុមគ្រួសារសព។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះឡើយ។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES