Sunday, September 22, 2024
Homeព័ត៌មានជាតិចាប់វ៉ៃខ្នោះ វាយសម្លាប់ប្លន់ម៉ូតូ រត់គេច៨ថ្ងៃ ជាប់ខ្នោះ២នាក់

ចាប់វ៉ៃខ្នោះ វាយសម្លាប់ប្លន់ម៉ូតូ រត់គេច៨ថ្ងៃ ជាប់ខ្នោះ២នាក់

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យជាឃាតករដៃឆៅ ចំនួន២នាក់ ដែលបានធ្វើសកម្មភាពចាប់យុវជនម្នាក់ ដាក់ខ្នោះដៃ រួចវាយ បំបាក់ក និងផុងលលាដ៍ក្បាល ដើម្បីប្លន់យកម៉ូតូកញ្ចាស់របស់ជនរងគ្រោះ ១គ្រឿងនោះ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យជាឃាតករទាំង២នាក់ បានព្យាយាមរត់គេចខ្លួនអស់រយៈពេល ៨ថ្ងៃ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាចោរប្លន់ ២នាក់ ដែលវាយសម្លាប់ជនរងគ្រោះ ប្លន់ម៉ូតូនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរិទ្ធីសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ។

គួររំលឹកថា ករណីឃាតកម្ម វាយសម្លាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ជនរងគ្រោះដែលត្រូវឃាតករវាយសម្លាប់ប្លន់យកម៉ូតូ មានឈ្មោះថេន សុមិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ដោយដៃជាប់ខ្នោះ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ខ្សែក្រវាត់ពណ៌ខ្មៅ ហើយនៅក្បែរសព មានស្បែកជើងផ្ទាត់មួយគូទៀតផង។

ចំណែកជនសង្ស័យជាឃាតករទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះជាតិ សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះគង់ សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះឈ្មោះថេន សុមិត្ត បានជិះម៉ូតូ ១គ្រឿង ម៉ាកវ៉េវ អាល់ហ្វា (កញ្ចាស់) ពណ៌ត្រួយចេក ចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រួចពុំឃើញត្រឡប់ទៅផ្ទះវិញនោះទេ។ រហូតមកដល់ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក៏ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះ នៅចំណុចខាងលើតែម្តង ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះ ក៏បាត់ មិនឃើញដែរ។

ក្រោយកើតមានករណីខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបើកការស៊ើបអង្កេតស្រាវជ្រាវរយៈពេល ៨ថ្ងៃ រហូតដល់កំណត់បានមុខសញ្ញា និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករទាំង២នាក់ខាងលើបាន រួចនាំយកមកឱ្យធ្វើត្រាប់ ពីសកម្មភាពវាយសម្លាប់ជនរងគ្រោះ។

នៅទីតាំងធ្វើត្រាប់ ជនសង្ស័យជាឃាតករទាំង២នាក់ បានធ្វើត្រាប់ពីសកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងក បណ្តាលឱ្យបាក់ក ព្រមទាំងវាយក្បាល បណ្តាលឱ្យផុងលលាដ៍ទៀតផង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្ត រួចរៀបចំកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES